ខេត្តកំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រកាសពីវិធានការតឹងរឹងចំពោះអ្នកដំណើរការស្ថានីយប្រេងឥន្ធនៈដែលដំឡើងថ្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងសារនៅលើបណ្តាញសង្គមការងារផ្លូវការ លោកអភិបាលបានចេញសារបញ្ជាក់ថា៖ «យើងសង្កេតឃើញមានក្រុមអ្នកឆក់ឱកាសមួយក្តាប់តូច បានដំឡើងថ្លៃប្រេងឥន្ធនៈខុសពីការកំណត់របស់ក្រសួង ហើយមានអ្នកទិញដើម្បីស្តុកទុកជាច្រើន ដែលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងសណ្តាប់ធ្នាប់សង្គម។»
លោកបានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ រួមជាមួយមន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្ម តាមដានស្ថានភាពនេះយ៉ាងជិតស្និទ្ធ។
វិធានការសំខាន់ៗមាន៖
១. ស្ថានីយប្រេងទាំងអស់ត្រូវបន្តចាក់ប្រេងជូនប្រជាពលរដ្ឋដូចធម្មតា និងជួយទប់ស្កាត់អ្នកទិញប្រេងក្នុងបរិមាណច្រើនសម្រាប់ស្តុកទុក
២. ស្ថានីយណាដែលកំណត់តម្លៃខុសពីការណែនាំ នឹងត្រូវទទួលការព្រមាន និងអាចត្រូវបិទស្ថានីយជាអចិន្ត្រៃយ៍
លោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាសណ្តាប់ធ្នាប់ល្អ សាមគ្គីគ្នា និងចៀសវាងការតក់ស្លុត ដែលអាចអនុញ្ញាតឱ្យអ្នកឆក់ឱកាសបង្កើតភាពវឹកវរនៅក្នុងសង្គម។
