រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់គាត់ «មិនមានការបារម្ភ» អំពីរបាយការណ៍ដែលថា រុស្ស៊ីកំពុងផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ទៅអ៊ីរ៉ង់ ទាក់ទងនឹងទីតាំង និងការចល័តកងទ័ពអាមេរិក។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «60 Minutes» របស់ CBS កាលពីថ្ងៃសុក្រ លោក Hegseth បាននិយាយថា៖ «យើងកំពុងតាមដានអ្វីៗគ្រប់យ៉ាង។ មេបញ្ជាការរបស់យើងដឹងអំពីអ្វីៗគ្រប់យ៉ាង។ យើងមានព័ត៌មានស៊ើបការណ៍សម្ងាត់ល្អបំផុតនៅលើពិភពលោក។»

លោកបានបន្តថា៖ «យើងដឹងថា អ្នកណាកំពុងនិយាយជាមួយអ្នកណា។ យើងមិនព្រួយបារម្ភអំពីរឿងនោះទេ។ យើងបន្ថយហានិភ័យតាមដែលយើងត្រូវការ។»
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានបញ្ជាក់ស្របគ្នាដែរ ដោយថា៖ «វាគឺច្បាស់ណាស់ថា វាមិនធ្វើឲ្យមានភាពខុសគ្នាទាក់ទងនឹងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ទេ ព្រោះយើងកំពុងបំផ្លាញពួកគេទាំងស្រុង។»

យោងតាមសារព័ត៌មាន Washington Post ដែលដកស្រង់សម្តីមន្ត្រីចារកម្ម រុស្ស៊ីបានផ្តល់ទីតាំងនៃធនធានយោធាអាមេរិកដល់អ៊ីរ៉ង់ រួមមានទាំងនាវា និងយន្តហោះ។ ទោះជាយ៉ាងណា អាជ្ញាធរអាមេរិកបានបដិសេធមិនបញ្ជាក់ពីភាពត្រឹមត្រូវនៃរបាយការណ៍ទាំងនេះ។
ដោយ៖ តារា
