អន្តរជាតិ ៖ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់ បានកើនឡើងកម្រិតខ្លាំងក្រោយពីអ៊ីស្រាអែលវាយប្រហារទីក្រុងបេរូតនៅថ្ងៃសុក្រ។ ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីមានការបញ្ជាឱ្យជម្លៀសប្រជាជនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទាំងមូលនៃរដ្ឋធានី។

អ៊ីស្រាអែលបានប្រកាសថា ការទម្លាក់គ្រាប់បែករបស់ខ្លួននៅក្នុងប្រទេសលីបង់មានគោលបំណងកម្ចាត់ហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធមូស្លីមនិកាយស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមនេះជាក្រុមលេចធ្លោនៅក្នុងនយោបាយលីបង់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។

ការរាលដាលនៃជម្លោះកើតឡើងក្រោយក្រុមហេសបូឡានីលីបង់ បានបាញ់ប្រហារទៅលើអ៊ីស្រាអែលនៅសប្តាហ៍នេះ ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំអ៊ីរ៉ង់។ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារលើជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដោយបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហេសបូឡាជាច្រើន។
រដ្ឋាភិបាលលីបង់បាននិយាយថា ខ្លួននឹងយកសាលារៀន និងសាកលវិទ្យាល័យ ដើម្បីផ្តល់ជម្រកដល់ប្រជាជនដែលផ្លាស់ទីលំនៅ។ រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា មិនបានបង្ហាញពីសញ្ញានៃការថមថយឡើយ។

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១៧ នាក់ និងរបួសប្រហែល ៨០០ នាក់រហូតមកដល់ពេលនេះ។ យោងតាមការរាប់ជាផ្លូវការចុងក្រោយបំផុត មនុស្សប្រហែល ១១០,០០០ នាក់នៅក្នុងប្រទេសលីបង់ត្រូវបានផ្លាស់ទីលំនៅ។
