សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានវាយប្រហារចំគោលដៅសរុបជាង ៣,០០០កន្លែង ក្នុងអំឡុងសប្តាហ៍ដំបូងនៃជម្លោះជាមួយប្រទេសអ៊ីរ៉ង់។ នេះបានយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអារ៉ាប់ Sana នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) គោលដៅទាំងនោះរួមមាន មជ្ឈមណ្ឌលបញ្ជាការនិងត្រួតពិនិត្យ ប្រព័ន្ធការពារដែនអាកាស កន្លែងបាញ់បង្ហោះមីស៊ីល ព្រមទាំងនាវាចម្បាំង និងនាវាមុជទឹករបស់អ៊ីរ៉ង់ផងដែរ។
ចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមក សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបន្តវាយប្រហារលើទឹកដីអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់បានវាយបកវិញដោយប្រើមីស៊ីល និងដ្រូនលើអ៊ីស្រាអែល និងប្រទេសមួយចំនួនទៀតក្នុងតំបន់។

មេបញ្ជាការ CENTCOM លោក Brad Cooper បានលើកឡើងថា របបអ៊ីរ៉ង់បានវាយប្រហារលើប្រទេសចំនួន១២ នៅទូទាំងមជ្ឈិមបូព៌ា និងបន្តកំណត់គោលដៅលើជនស៊ីវិលដោយចេតនា។ លោកបានពណ៌នាសកម្មភាពទាំងនេះថាជា រឿងដែលមិនអាចទទួលយកបាន ហើយនឹងត្រូវឆ្លើយតបវិញជាដាច់ខាត។
លោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយដៃគូក្នុងតំបន់ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់ និងធានាថាការវាយប្រហារទាំងនោះនឹងមិនអាចកើតឡើងដោយគ្មានការតបតឡើយ។
អ៊ីរ៉ង់ប្រកាសថា អាវុធចាស់ៗក្នុងស្តុកប្រើអស់ហើយ ដល់វគ្គប្រើអាវុធថ្មីទំនើបៗម្តង។

រូបថត៖ REUTERS
