
សង្គ្រាមអ៊ីរ៉ង់កំពុងឆាបឆេះខ្លាំង បន្ទាប់ពីការវាយប្រហារមុនពេលពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ តាមរបាយការណ៍ដំបូង ជនស៊ីវិលអ៊ីរ៉ង់ស្លាប់ជិត ១,៤០០ នាក់ និងជនស៊ីវិលលីបង់ស្លាប់ជិត ៣០០ នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងរងការវាយប្រហារយ៉ាងខ្លាំងមិនធ្លាប់មាន ដោយតំបន់នានានៃប្រទេសនេះកំពុងស្ថិតក្រោមការពិចារណាសម្រាប់ «ការបំផ្លិចបំផ្លាញទាំងស្រុង»។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសុំទោសដល់ប្រទេសជិតខាង និងប្រកាសថា ទីក្រុងតេអេរ៉ង់នឹងបញ្ឈប់ការវាយប្រហារលើបណ្តារដ្ឋជិតខាង លុះត្រាតែការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានបញ្ឈប់។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍ថា ប្រសិនបើសកម្មភាពអរិភាពពីមុននៅតែបន្ត កងកម្លាំងយោធា និងទ្រព្យសម្បត្តិទាំងអស់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់នឹងត្រូវបានចាត់ទុកជាគោលដៅសងសឹក។
អ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងជាង ៨០ គ្រឿងដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់។ តាមអាជ្ញាធរអារ៉ាប់រួម (UAE) មានមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយបាលិស្ទិក ១៦ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ១២១ គ្រឿង ត្រូវបានបាញ់បង្ហោះទៅកាន់ប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងជំនួបជាមួយអ្នកកាសែតនៅថ្ងៃទី ៨ ខែមីនា ដើម្បីបញ្ជាក់ពីជំហរគោលនយោបាយការបរទេសចិនក្នុងសង្គ្រាមអ៊ីរ៉ង់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបសន្ទនាតាមទូរស័ព្ទក្នុងកាលៈទេសៈដ៏លំបាក ដោយភាគីទាំងពីរយល់ព្រមបន្តទំនាក់ទំនងរវាងប្រទេសរបស់ពួកគេ។
