វ៉ាស៊ីនតោន៖ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ ទល់នឹងអាមេរិក និងអ៊ីស្រាអែលកំពុងឆាបឆេយ៉ាងក្តៅគគុក លោកដូណាល់ ត្រាំ បានប្រកាសច្បាស់លាស់ថា គ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ជាដាច់ខាត លើកលែងតែអ៊ីរ៉ង់ប្រកាសចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ។

លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ដោយសរសេរយ៉ាងច្បាស់ថា៖ «នឹងមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លើកលែងតែអ៊ីរ៉ង់ចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ»។ សារនេះបង្ហាញពីទឹកមុខរឹងមាំរបស់លោកត្រាំក្នុងការដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា។

ចំណែកឯប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាសូត ប៉េហ្សេស្គាន បានទទួលស្គាល់ថា ពិតជាមានប្រទេសមួយចំនួនកំពុងព្យាយាមសម្រុះសម្រួលដើម្បីដោះស្រាយបញ្ហាសង្គ្រាមនេះ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកប្រាថ្នាចង់ឃើញសន្តិភាពកើតមាននៅមជ្ឈិមបូព៌ា ប៉ុន្តែអ៊ីរ៉ង់ក៏ត្រៀមការពារខ្លួនផងដែរនៅពេលរងការវាយប្រហារពីប្រទេសដទៃ។
លោកត្រាំបានបន្តថា បន្ទាប់ពីអ៊ីរ៉ង់ចុះចាញ់ និងបន្ទាប់ពីជ្រើសរើសមេដឹកនាំដែលឆ្នើម និងដែលអាចទទួលយកបាននៅអ៊ីរ៉ង់រួចហើយ ក្រុមប្រទេសសម្ព័ន្ធមិត្ត និងក្រុមប្រទេសជាដៃគូនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួយយិតយោងប្រទេសអ៊ីរ៉ង់ឱ្យចាកផុតពីមាត់ជ្រោះមហន្តរាយ។

ស្ថានភាពបច្ចុប្បន្នបង្ហាញពីភាពតានតឹងយ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ដោយមានប្រទេសមួយចំនួនកំពុងរត់ការយ៉ាងខ្វែងដៃខ្វែងជើងគ្នាដើម្បីសម្របសម្រួលឱ្យមានបទឈប់បាញ់ ឬបញ្ចប់សង្គ្រាម។ ការប្រកាសរបស់លោកត្រាំបង្ហាញពីយុទ្ធសាស្ត្រថ្មីដ៏រឹងមាំក្នុងការដោះស្រាយវិបត្តិនេះ។
ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
