រាជធានីភ្នំពេញ៖ កម្ពុជាបានបណ្តេញជនបរទេសដែលស្នាក់នៅនិងធ្វើការខុសច្បាប់ចំនួន ១,១២១នាក់ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានអនុវត្តតាមអនុសាសន៍ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបានបណ្តេញជនបរទេសសរុប១,១២១នាក់ (ស្រី៦៧នាក់) មកពី១៥សញ្ជាតិផ្សេងៗគ្នា។
ក្នុងចំណោមជនបរទេសទាំងនេះ មានជនជាតិចិនចំនួន៤៧៨នាក់ ស្រី១៩នាក់ ត្រូវបានបណ្តេញតាមរយៈយន្តហោះពិសេសនៅច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិចិនចំនួន១៥០នាក់ ស្រី៣នាក់ ត្រូវបានបណ្តេញតាមរយៈយន្តហោះពិសេសនៅច្រកទ្វារអាកាសអន្តរសៀមរាបអង្គរ។

ជនបរទេសទាំងអស់នេះពាក់ព័ន្ធនឹងករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា ការបណ្តេញចេញនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ការអនុវត្តនេះមានគោលបំណងធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងចំពោះមេខ្លោងដែលនៅពីក្រោយ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
