ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចេញបទបញ្ជាចំពោះមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញទូទៅនៅក្នុងខេត្ត។

ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំការងារពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្ត។

លោក ស៊ុន សុវណ្ណារិទ្ធិ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក-ឃុំ-សង្កាត់ ត្រូវតាមដានស្ថានភាពតម្លៃប្រេងឥន្ធនៈ និងទំនិញទូទៅ ហើយត្រូវចាត់វិធានការចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ឬក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម។

“ក្នុងករណីមានជនឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ ឬតម្លៃទំនិញទូទៅ មិនស្របតាមតម្លៃទីផ្សារ ឬតម្លៃដែលកំណត់ដោយក្រសួងពាក់ព័ន្ធ សូមជួយផ្ដល់ព័ត៌មានមកខ្ញុំផ្ទាល់ ឬអាជ្ញាធរមូលដ្ឋាន” លោកអភិបាលខេត្តបានបញ្ជាក់។

លោកបានបន្ថែមថា ប្រជាពលរដ្ឋអាចរាយការណ៍តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៩៧ ៧៣០៣ របស់លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីឱ្យអាជ្ញាធរអាចចាត់វិធានការសមស្រប។

កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីឈរជើង និងអធិការនគរបាលក្រុង-ស្រុក។


ការចាត់វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារប្រជាពលរដ្ឋពីការកេងប្រវ័ញ្ចតម្លៃ និងធានាស្ថិរភាពសេដ្ឋកិច្ចក្នុងខេត្ត។



ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
