ភ្នំពេញ៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានចែងថា ប្រធានបទនៃទិវាអន្តរជាតិ៨មីនាខួបលើកទី១១៥ បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ដ៏មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី ក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានធ្វើការបញ្ជាក់នេះក្នុងពេលដែលលោកជំទាវធ្វើជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ពិធីនេះក៏ជាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលប្រារព្ធឡើងនាព្រឹកថ្ងៃសៅរ៍ទី៧ ខែមីនា ឆ្នាំ២០២៦។
លោកស្រី ហ៊ុន ចាន់ធី មៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអនុវត្តតាមលក្ខន្តិកៈរបស់សមាគម គោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់សាខាសមាគម ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

លោកអភិបាលខេត្តបានលើកឡើងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ អំណាច និងបង្កើនភាពអង់អាចដល់ស្ត្រី។ រាល់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងខេត្ត គឺមិនអាចខ្វះបាននូវការចូលរួមចំណែកពីស្ត្រីនៅគ្រប់ជាន់ថ្នាក់។

បច្ចុប្បន្ននេះ ខេត្តកំពតមានស្ត្រីជាក្រុមប្រឹក្សាខេត្ត០៤រូប អភិបាលស្រុកក្រុង០២រូប មេឃុំ៧រូប និងក្រុមប្រឹក្សាឃុំសង្កាត់៥៦១រូប (មានស្ត្រី១១១រូប)។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរចំពោះលោកស្រី ហ៊ុន ចាន់ធី មៅ ធនិន ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តឱ្យបាននូវទិសដៅភារកិច្ច ដោយឈរលើសាមគ្គីភាព ឯកភាព សហការគ្នាល្អ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដើម្បីបង្ហាញពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ។

ពិធីនេះក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម។

ពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា បានជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពសង្គម និងវិបុលភាពសង្គម។

ដោយ៖ សំរិត
