ភ្នំពេញ៖ គ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរបានឆាបឆេះទីតាំងស្លរប្រេងមួយកន្លែង និងរាលដាលទៅដល់រោងជាងជួសជុលអេស្កាវ៉ាទ័រមួយខ្នង រួមទាំងរុឺម៉កមួយគ្រឿងត្រូវឆេះទាំងស្រុង កាលពីយប់ថ្ងៃទី៧ មីនា ២០២៦។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានឃើញផ្សែងពណ៌ខ្មៅរលាយឡំជាមួយអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងចេញពីផ្ទះស្លរប្រេង រួចបន្តឆេះរាលដាលទៅដល់រោងជាងជួសជុលអេស្កាវ៉ាទ័រដែលនៅជិតខាង។

ភ្លាមនោះ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួនច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបានបាញ់ពន្លត់គ្រប់គ្រងបានទាំងស្រុង គេឃើញថា ការប្រើប្រាស់ឡានទឹកអស់ចំនួន៨គ្រឿងទើបរលត់ទៅវិញជាស្ថាពរ នៅម៉ោង ១០:៣០ យប់។

ចំពោះមូលហេតុគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវផងដែរ។ ដោយឡែក ក្នុងករណីនេះ មិនបានបណ្តាលឲ្យមានអ្នកណារងរបួសនិងស្លាប់នោះឡើយ។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៩:៣០ យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូគ្មានលេខ ផ្លូវ១៧២៩ ក្រុម៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការឆេះនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ និងបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការឆេះនេះ និងរៀបចំរបាយការណ៍លម្អិតអំពីការខូចខាតទាំងស្រុង។

ដោយ ៖ ភារ៉ា ដង្កោ
