ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ការស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅរវាងមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងរារាំងផ្លូវទៅរកសន្តិភាព។

កាលពីថ្ងៃទី៧ មីនា នៅក្នុងកិច្ចប្រជុំកំពូល Shield of the Americas នៅរដ្ឋផ្លរីដា លោកត្រាំបានលើកឡើងថា លោកកំពុងព្យាយាមជួយសម្របសម្រួលដើម្បីសង្គ្រោះជីវិតមនុស្ស ប៉ុន្តែភាគីទាំងពីរបានបាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងមួយខែៗ។
«ការស្អប់ខ្ពើមរវាងលោកពូទីន និងសមភាគីរបស់គាត់ គឺខ្លាំងណាស់… វាពិតជាពិបាកណាស់សម្រាប់ពួកគេក្នុងការឈានទៅដល់ចំណុចនោះ (សន្តិភាព)» លោកត្រាំបានបញ្ជាក់។

សង្គ្រាមដែលឈានចូលដល់ឆ្នាំទី៤នេះ កំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អង្គការណាតូរាយការណ៍ថា រុស្ស៊ីបាត់បង់ទ័ពពី ២០,០០០ ទៅ ២៥,០០០ នាក់ជារៀងរាល់ខែ។
ដោយឡែក លោកហ្សេលេនស្គីបានចោទប្រកាន់រុស្ស៊ីថា កំពុង «លេងសើច» ជាមួយសហរដ្ឋអាមេរិក និងពន្យារពេលការចរចា។ ទោះបីជាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្អាកសង្គ្រាមតាមខ្សែបន្ទាត់បច្ចុប្បន្នក៏ដោយ ក៏លោកហ្សេលេនស្គីបដិសេធដាច់ខាតក្នុងការប្រគល់ទឹកដីដែលរុស្ស៊ីមិនទាន់អាចវាយយកបានក្នុងរយៈពេល ៤ឆ្នាំមកនេះ។
