ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះផ្ទះលក់ម៉ូតូមួយកន្លែងនៅស្រុកសំរោងទង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចត្រូវជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ផ្ទះដែលអគ្គិភ័យបានឆាបឆេះនោះម្ចាស់មានឈ្មោះ ឆ យ ហាច ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ម៉ូតុ និងប្រពន្ធឈ្មោះ សុខ លក្ខណា អាយុ៣៩ឆ្នាំ។ ពួកគាត់រស់នៅក្នុងផ្ទះមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

ករណីឆេះផ្ទះលក់ម៉ូតូខាងលើនេះរងការខូចខាតធ្ងន់ធ្ងរ៖ ឆេះអស់ម៉ូតូចំនួន១៧គ្រឿង ម៉ាស៊ីនខ្យល់១គ្រឿង កង្ហា១ ទូរដាក់សម្ភារ១ គ្រឿងបន្លាស់ម៉ូតូ និងសម្ភារប្រើប្រាស់មួយចំនួនថែមទៀត។
នៅក្នុងកិច្ចប្រតិបត្តិការណ៍ជួយអន្តរាគមន៍ នគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ១គ្រឿង កម្លាំង៨នាក់ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទង១គ្រឿង កម្លាំង៥នាក់ រថយន្តពន្លត់អគ្គិភ័យអាវុធហត្ថ២គ្រឿង កម្លាំង៦នាក់ ព្រមទាំងប្រជាការពារ និងប្រជាពលរដ្ឋចំនួន២៣នាក់ផងដែរ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យឆេះផ្ទះលក់ម៉ូតូនិងរងការខូចខាតម៉ូតូចំនួន១៧គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនថែមទៀតនោះ មកពីឆ្លងចរន្តអគ្គិសនីក្លាយជាអណ្ដាតភ្លើងក៏ឆាប់ឆេះតែម្ដង។
