
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានដាក់ខ្លួនប្រទេសចិនជា«បង្គោលគ្រឹះនៃស្ថិរភាព»ក្នុងពិភពលោក នៅពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់កំពុងឆាបឆេះ។ លោកបានអំពាវនាវឲ្យមានការឈប់បាញ់ភ្លាមៗ ដើម្បីកុំឲ្យភ្លើងសង្គ្រាមរីករាលដាល។

ការបង្ហាញជំហរនេះធ្វើឡើងមុនជំនួបកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំងចុងខែនេះ។ លោក Wang Yi បានស្វាគមន៍ជំនួបនេះ ដោយសង្ឃឹមថាភាគីទាំងពីរនឹងដោះស្រាយបញ្ហាខ្វែងគំនិតគ្នា។

លោក Wang Yi បានរិះគន់ដោយប្រយោលចំពោះការព្យាយាមបង្កើតប្រព័ន្ធយុត្តិធម៌ថ្មីក្រៅអង្គការសហប្រជាជាតិ និងបញ្ជាក់ថា ទំនាក់ទំនងចិន-រុស្ស៊ី នៅតែ«រឹងមាំដូចភ្នំ»។ លោកក៏បានសង្កត់ធ្ងន់ថា ចិនជាដៃគូសកល មិនមែនជាគូប្រជែងនឹងអាមេរិកទេ។

ទោះជាយ៉ាងណា លោក Wang Yi មិនបានលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូង សង្គ្រាមនៅអ៊ុយក្រែន ឬសម្ពាធយោធាលើកោះតៃវ៉ាន់ ដែលកំពុងធ្វើឲ្យប្រទេសជិតខាងមានការព្រួយបារម្ភនោះទេ។
