រាជធានីភ្នំពេញ៖ តារាសម្តែងព្រះកាយ ច័ន្ទ បានចេញវីដេអូអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដោយនៅក្នុងនោះនាងបានថ្លែងអំណរគុណដល់ស្ត្រីទូទាំងពិភពលោក និងចាត់ទុកថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ការទទួលស្គាល់តម្លៃស្ត្រី។

នាងបានអរគុណដល់អ្នកម្តាយទូទាំងពិភពលោកដែលបានប្រឹងប្រែងលះបង់គ្រប់យ៉ាងសម្រាប់កូនៗ។ នាងបន្តថា សេចក្តីស្រឡាញ់របស់អ្នកម្តាយគឺធំធេង និងគ្មានព្រំដែន ហើយកម្លាំងទឹកចិត្តរបស់អ្នកម្តាយគឺធំមិនអាចវាស់វែងបាន។

អ្នកម្តាយគឺជាស្ត្រីដែលរឹងមាំបំផុត ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត គ្រប់យ៉ាងគឺដើម្បីសេចក្តីសុខរបស់កូនៗ។ នាងក៏បានអរគុណទៅកាន់ភរិយាគ្រប់រូបដែលបានលះបង់ និងជួយជ្រោមជ្រែងគ្រួសារ ធ្វើអោយផ្ទះក្លាយទៅជាទីកន្លែងដែលមានក្តីសុខ សុភមង្គល និងកក់ក្តៅ។

នាងបញ្ជាក់ថា ភរិយាគឺជាកម្លាំងដែលនៅពីក្រោយនៃភាពជោគជ័យរបស់គ្រួសារ ជាស្ត្រីដែលមានឥទ្ធិពលដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះក្នុងនាមនាងជាស្ត្រីមួយរូប នាងសូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទៅកាន់ស្ត្រីទាំងអស់នៅទូទាំងពិភពលោក។

នាងបញ្ជាក់ថា អ្នកទាំងគ្នាពិតជាគួរអោយគោរព និងអោយតម្លៃ ហើយសូមអោយស្ត្រីគ្រប់រូបទទួលបានសេចក្តីថ្លៃថ្នូរ និងឱកាសស្មើគ្នាលើគ្រប់វិស័យ។ ស្ត្រីគឺជាកម្លាំង និងក្តីស្រឡាញ់ និងអនាគត។

ជាការកត់សម្គាល់សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ៨មីនានាពេលនេះ ក្រៅពីព្រះកាយ ច័ន្ទ គេឃើញមានអ្នកសិល្បះជាច្រើនទៀតក៏បានបញ្ចេញសាររបស់ខ្លួននៅលើបណ្តាញសង្គម។

ការពង្រឹងសមត្ថភាពនៅតែបន្តជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីឱ្យស្ត្រី និងក្មេងស្រីគ្រប់រូប មានភាពក្លាហាន ក្នុងគ្រប់ទិដ្ឋភាពទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។

អត្ថបទសរសេរដោយ សុខ វាសនា
កែសម្រួលដោយ ធីតា
