ខេត្តកំពង់ធំ – អនុប្រធានទី២នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលអប់រំជាច្រើនទៀត នៅសាលាបឋមសិក្សាត្រពាំងផ្តៀក ស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

ក្នុងពិធីសម្ពោធដ៏វិចិត្រនេះ លោកជំទាវបណ្ឌិត ជា សិរី ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការសិក្សាអប់រំត្រូវបានចាត់ទុកជាអាទិភាពសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

“សាលាបឋមសិក្សាត្រពាំងផ្តៀកគឺជាថ្នាលសិក្សាគ្រឹះមួយដ៏សំខាន់ ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា” លោកជំទាវបណ្ឌិតបានថ្លែង។
ក្រៅពីអគារសិក្សា១ខ្នងមាន៥បន្ទប់នេះ សមិទ្ធផលផ្សេងៗទៀតដែលត្រូវបានសម្ពោធរួមមាន ក្លោងទ្វារសាលា ការជួសជុលអគារសិក្សា ការសាងសង់ផ្ទះបាយ និងការចាក់ដីបន្ថែម ដើម្បីផ្ដល់ជូននូវទីតាំងកន្លែងសិក្សា និងបរិស្ថានល្អប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជននិងកីឡា លោកនាយក លោកគ្រូអ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការកសាងអគារសិក្សានេះ។

អគារសិក្សាថ្មីនេះនឹងជួយសម្រួលដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នា ក្នុងដំណើរឆ្ពោះទៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ការពង្រឹងវិស័យអប់រំនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីកសាងធនធានមនុស្សប្រកបដោយចំណេះដឹងគ្រប់គ្រាន់ ដែលអាចចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ។

