ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបង្ហាញថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥លើក ដោយក្នុងនោះ ៤លើកកើតឡើងនៅពេលយប់។

ក្នុងរយៈពេល ២៤ម៉ោង (ពីម៉ោង ១៤៖០០ ថ្ងៃទី៧ ដល់ម៉ោង ១៤០០ ថ្ងៃទី៨ មីនា) គ្រោះថ្នាក់ទាំងនេះបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៥នាក់ (ស្រី ០នាក់) និងរបួសសរុប ៧នាក់ (ស្រី ២នាក់)។ ក្នុងចំណោមអ្នករបួស មាន ៤នាក់របួសធ្ងន់ (ស្រី ៤នាក់) និង ៣នាក់របួសស្រាល (ស្រី ០នាក់)។
ទិន្នន័យបង្ហាញថា មានអ្នកបើកបរមិនពាក់មួកសុវត្ថិភាពចំនួន ១២នាក់ ហើយក្នុងពេលយប់មានរហូតដល់ ១៩នាក់។ នាយកដ្ឋាននគរបាលចរាចរណ៍បានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដោយចាត់ទុកថា “គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង”។

របាយការណ៍បានបញ្ជាក់ពីមូលហេតុសំខាន់ៗដែលបណ្តាលឱ្យមានគ្រោះថ្នាក់៖
• បើកបរលឿនហួសហេតុ៖ ៣លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)
• មិនគោរពសិទ្ធិចរាចរណ៍៖ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់)
អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋប្រើមួកសុវត្ថិភាព បើកបរក្នុងល្បឿនសមរម្យ និងគោរពសញ្ញាចរាចរណ៍ ជាពិសេសនៅពេលយប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ដោយ៖ តារា
