ភ្នំពេញ៖ ក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង រដ្ឋបាលរាជធានីបានធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើតម្លៃប្រេងឥន្ធនៈនៅទូទាំងរាជធានី។

នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ បានចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ “សន្ដិភាព” ដែលស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១។

ការត្រួតពិនិត្យបានរកឃើញថា ស្ថានីយនេះបានលក់ប្រេងឥន្ធនៈលើសតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម។ ជាលទ្ធផល ក្រុមការងារបានផាកពិន័យទីតាំងនេះចំនួន ៤,០០០,០០០រៀល និងធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់។

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានអះអាងថា៖ “ការត្រួតពិនិត្យនេះគឺជាផ្នែកមួយនៃការតាមដានប្រក្រតីភាពតម្លៃប្រេងឥន្ធនៈ ដើម្បីការពារប្រជាពលរដ្ឋពីការកេងចំណេញលើសហេតុផល។”

រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាសណ្ដាប់ធ្នាប់ល្អក្នុងសង្គម និងចៀសវាងការឆក់ឱកាសកេងចំណេញនានា។ ការត្រួតពិនិត្យបន្ថែមនឹងត្រូវបន្តធ្វើឡើងនៅតាមស្ថានីយប្រេងឥន្ធនៈផ្សេងៗទៀត។
ដោយ៖ ជ្រោយពេជ្រ
