កម្លាំងសមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅមណ្ឌលគិរី ឃាត់ខ្លួនបាន២នាក់

កម្លាំងសមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅមណ្ឌលគិរី ឃាត់ខ្លួនបាន២នាក់

ខេត្តមណ្ឌលគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម ដោយឃាត់ខ្លួនបាន២នាក់ និងដកហូតអាវុធនិងវត្ថុតាងជាច្រើន។

កម្លាំងសមត្ថកិច្ចបង្ក្រាបក្មេងទំនើង

ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីសង្គម។

ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង ២២:៣០នាទី យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ។ កម្លាំងសមត្ថកិច្ចបានប្រទះឃើញក្រុមក្មេងទំនើងកំពុងឈ្លោះប្រកែក គប់ដុំថ្ម និងដេញកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យ។

វត្ថុតាងដែលដកហូតបាន

ក្រុមក្មេងទំនើងទាំងនោះមិនត្រឹមតែមិនរាងចាលទេ ថែមទាំងបានប្រើហិង្សាដោយដេញកាប់ និងគប់ដុំថ្មមកលើសមត្ថកិច្ចទៀតផង។ ក្រោមការប្រើប្រាស់វិធានការជំនាញ កម្លាំងអាវុធហត្ថបានធ្វើការឡោមព័ទ្ធ និងបង្ក្រាបជាក់ស្ដែង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖
១. ធូ រ៉ាវីត អាយុ២៨ឆ្នាំ (អ្នកចូលរួមសកម្មភាព)
២. ក្តី សាមឿន ហៅម៉ី អាយុ១៨ឆ្នាំ (ជនដៃដល់ដែលបានកាប់មកលើសមត្ថកិច្ច)

វត្ថុតាងដែលដកហូតបានរួមមាន៖ ដាវ១ដើម ម៉ូតូ Suzuki Step១គ្រឿង ទូរសព្ទដៃ Oppo និង iPhone និងក្រវិលលោហៈធាតុ១។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីសាកសួរ និងស្វែងរកបក្សពួកដែលនៅសេសសល់។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ថា កម្លាំងជំនាញនឹងបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនបក្សពួកដែលពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ។

administrator

Related Articles