ខេត្តស្ទឹងត្រែងចាប់ដៃជាមួយមន្ត្រីជំនាញ ត្រួតពិនិត្យតម្លៃប្រេង និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ

ខេត្តស្ទឹងត្រែងចាប់ដៃជាមួយមន្ត្រីជំនាញ ត្រួតពិនិត្យតម្លៃប្រេង និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃទីផ្សារ និងសណ្តាប់ធ្នាប់ក្នុងខេត្ត។

ការត្រួតពិនិត្យតម្លៃប្រេង

លោក សរ សុពុត្រា អភិបាលខេត្ត ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យតាមស្ថានីយផ្ទាល់ ដើម្បីបង្ការការតម្លើងថ្លៃខុសប្រក្រតីដែលផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានដាក់ចេញនូវណែនាំសំខាន់ៗចំនួន ៣ ចំណុចដូចខាងក្រោម៖

ការផ្សព្វផ្សាយព័ត៌មាន

១-ការពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តច្បាប់មន្ទីរ-អង្គភាពជំនាញ រួមជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់ម្ចាស់ក្រុមហ៊ុន ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់។ ម្ចាស់អាជីវកម្មត្រូវតែអនុវត្តតាមគោលការណ៍របស់ក្រសួងពាណិជ្ជកម្មឱ្យបានខ្ជាប់ខ្ជួនបំផុត ទាំងការគ្រប់គ្រងហានិភ័យ និងការធានាសុវត្ថិភាពជូនអតិថិជន។

២-ការគ្រប់គ្រងការប្រើប្រាស់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរមូលដ្ឋានត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់សាធារណជន “ជៀសវាងដាច់ខាតការសម្រុកទិញប្រេងឥន្ធនៈមកស្តុកទុកដោយពុំមានការចាំបាច់” ព្រោះវាអាចបង្កជាហានិភ័យគ្រោះអគ្គិភ័យ ឬគ្រោះអាសន្នផ្សេងៗ ដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សន្តិសុខសង្គម។

ការត្រួតពិនិត្យស្ថានីយប្រេង

៣-ការតាមដានតម្លៃ និងគុណភាពនៅតាមស្ថានីយ មន្ត្រីជំនាញត្រូវចុះពិភាក្សា និងក្តាប់ព័ត៌មានជាក់ស្តែងតាមបណ្តាដេប៉ូ និងស្ថានីយប្រេង។ ការលក់ត្រូវតែគោរពតាម៖ បទដ្ឋានគុណភាព៖ ស្របតាមស្តង់ដារបច្ចេកទេស។ មិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃខុសប្រក្រតី ដើម្បីកេងចំណេញពីប្រជាពលរដ្ឋឡើយ។

ការប្រជុំរដ្ឋបាលខេត្ត

រដ្ឋបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា គ្រប់អង្គភាពពាក់ព័ន្ធត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំមករដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងដាក់ចេញវិធានការបន្តឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ការអនុវត្តវិធានការនេះ ធ្វើឡើងក្នុងគោលបំណងរក្សាតុល្យភាពសេដ្ឋកិច្ច និងធានាសុវត្ថិភាពសាធារណៈ៕

អត្ថបទសរសេរដោយ រ៉ូ សាលី
កែសម្រួលដោយ ធីតា

administrator

Related Articles