អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ បង្កហានិភ័យប្រេងពិភពលោកឡើងថ្លៃខ្លាំង

អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ បង្កហានិភ័យប្រេងពិភពលោកឡើងថ្លៃខ្លាំង

ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាបានឈានដល់កម្រិតគ្រោះថ្នាក់ថ្មី បន្ទាប់ពីអ៊ីរ៉ង់បានចេញសារព្រមានវាយប្រហារលើរោងចក្រប្រេងទូទាំងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។

ការវាយប្រហារតាមអាកាសលើដេប៉ូប្រេងនៅអ៊ីរ៉ង់

តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា បើការវាយប្រហារនៅតែបន្ត តម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែល។

មេដឹកនាំអ៊ីរ៉ង់បានអំពាវនាវឲ្យបណ្ដាប្រទេសអ៊ីស្លាមទាំងអស់រួមគ្នាដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយប្រហារដ៏សាហាវឃោរឃៅ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៨កុម្ភៈ បានបណ្ដាលឲ្យមានអ្នកស្លាប់ជាង ១២០០នាក់ រួមទាំងមេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមានអ្នករងរបួសជាង ១០០០០នាក់។

ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ា

អ្វីដែលធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភបំផុតនោះគឺ ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុត ដោយមានប្រេងប្រមាណ ២០លានបារ៉ែលឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ការបិទច្រកសមុទ្រនេះ រួមជាមួយការគំរាមវាយប្រហារលើប្រភពផលិតប្រេងក្នុងតំបន់ បង្ហាញថា អ៊ីរ៉ង់កំពុងប្រើប្រាស់អាវុធសេដ្ឋកិច្ចដើម្បីបង្កភាពវឹកវរដល់ពិភពលោកទាំងមូល។

ប្រសិនបើជម្លោះនេះនៅតែបន្តរីករាលដាល វានឹងក្លាយជាសង្គ្រាមទ្រង់ទ្រាយធំដែលមិនត្រឹមតែបំផ្លាញជីវិតមនុស្សឡើយ ប៉ុន្តែថែមទាំងធ្វើឲ្យសេដ្ឋកិច្ចសកលលោកទាំងមូលធ្លាក់ក្នុងវិបត្តិដែលមិនធ្លាប់មានពីមុនមក។

administrator

Related Articles