ទីក្រុងប៉េកាំងបានបង្ហាញក្តីសង្ឃឹមយ៉ាងខ្លាំងថា ឆ្នាំ២០២៦ នេះនឹងក្លាយជា«ឆ្នាំដ៏សំខាន់»សម្រាប់ទំនាក់ទំនងចិន-អាមេរិក ដោយរំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើន មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរនៅចុងខែមីនា។

យោងតាមភ្នាក់ងារ AP ចុះផ្សាយថ្ងៃទី៨ខែមីនា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី (Wang Yi) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិនថា៖ «វាគឺជាឆ្នាំដ៏ធំមួយសម្រាប់ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ។ ខណៈយើងមានភាពខុសគ្នាច្រើន តែប្រមុខរដ្ឋទាំងពីរបានរក្សាការផ្លាស់ប្តូរដ៏ល្អនៅកម្រិតខ្ពស់បំផុត ដោយផ្តល់នូវកម្រិតនៃការធានាជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីង នៅចុងខែមីនា។
លោកវ៉ាងបានបង្ហាញសញ្ញាថា ទីក្រុងប៉េកាំងកំពុងស្វែងរកទំនាក់ទំនងមិនសូវមានភាពស្មុគស្មាញជាមួយសហរដ្ឋអាមេរិក ដោយមានប្រសាសន៍ថា៖ «របៀបវារៈសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ គឺស្ថិតនៅលើដៃរបស់យើងរួចហើយ។ អ្វីដែលត្រូវធ្វើនៅពេលនេះគឺសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើការរៀបចំយ៉ាងហ្មត់ចត់លើរឿងនេះ លើកកម្ពស់បរិយាកាសសមស្រប គ្រប់គ្រងភាពខុសគ្នាដែលមានស្រាប់ និងលុបបំបាត់ការរំខានដែលមិនចាំបាច់។»

លោកបន្តថា៖ «អាកប្បកិរិយារបស់ប្រទេសចិនតែងតែមានភាពវិជ្ជមាន និងបើកចំហ ហើយចំណុចសំខាន់គឺភាគីសហរដ្ឋអាមេរិកត្រូវបង្ហាញសុច្ឆន្ទៈពង្រឹងចំណងមិត្តភាពឡើង»។
លើសពីនេះ ការលើកឡើងរបស់លោកវ៉ាងក៏បានឆ្លុះបញ្ចាំងពីប្រទេសចិនមើលឃើញខ្លួនឯងកំពុងរីកចម្រើនផងដែរ។ ក្នុងតួនាទីនេះ ទីក្រុងប៉េកាំងចង់បោះជំហានចូលទៅក្នុងតួនាទីជាមួយអង្គការសហប្រជាជាតិ (UN) នឹងការពារជំហររបស់អង្គការនេះ ដែលកំពុងរងការបញ្ឈប់ និងកាត់បន្ថយបុគ្គលិក បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីគំនិតផ្តួចផ្តើមជាច្រើនរបស់អង្គការសហប្រជាជាតិ។
