អ្នកជំនាញថាមពលចិនបានអំពាវនាវឱ្យរដ្ឋាភិបាលសាងសង់បណ្តាញថាមពលបម្រុងក្រោមដី ដើម្បីការពារសន្តិសុខជាតិ និងធានាការផ្គត់ផ្គង់ថាមពលរយៈពេលវែង។

លោក Zhang Shishu ប្រធានអ្នកជំនាញបច្ចេកទេសនៅក្រុមហ៊ុន Power Construction Corporation of China (PowerChina) បានស្នើឱ្យបង្កប់បណ្តាញថាមពលសំខាន់ៗក្រោមដីយ៉ាងជ្រៅ ដើម្បីការពារពីការគំរាមកំហែងពីខាងក្រៅ។
នៅក្នុងអត្ថបទសម្រាប់ព្រឹត្តិបត្រវិទ្យាសាស្ត្រចិន លោក Zhang បានរៀបរាប់ថា តំបន់ជាច្រើននៅចិនមានលក្ខខណ្ឌសមស្របសម្រាប់ការអភិវឌ្ឍបណ្តាញថាមពលក្រោមដីទ្រង់ទ្រាយធំ។

ទីតាំងយុទ្ធសាស្ត្រដូចជាមជ្ឈមណ្ឌលវារីអគ្គិសនីនៅភាគនិរតី និងទីតាំងប្រេងនិងឧស្ម័ននៅភាគពាយ័ព្យ ត្រូវបានចាត់ទុកជាទីតាំងល្អសម្រាប់ការរក្សាទុកប្រេង ឧស្ម័នធម្មជាតិ និងលោហធាតុកម្រ។
ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្រោមដី និងការសាងសង់ផ្លូវរូងក្រោមដីយុទ្ធសាស្ត្រ នឹងពង្រឹងការការពារជាតិ និងសន្តិសុខព្រំដែន។ ការរៀបចំនេះកើតឡើងក្នុងពេលដែលចិនជំរុញឱ្យរៀបចំតំបន់ដាច់ស្រយាលជាយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងភាពស្មុគស្មាញពីខាងក្រៅ។
