រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត៩៣% បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈជាង៤ម៉ឺន៥ពាន់នាក់នៅមិនទាន់អាចត្រឡប់ទៅវិញនៅឡើយ។

ក្នុងសន្និសីទប្រចាំថ្ងៃនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធសម្របសម្រួលឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ជាបន្តបន្ទាប់ ដោយខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ ក៏ដូចជាជួយស្តារជីវភាពរបស់ពួកគេឡើងវិញ។

«រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត៩៣% ហើយដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជាង៤ម៉ឺន៥ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយទេ។ ពួកគេទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលទាំងលើជីវភាពរស់នៅ បរិស្ថាន និងសុខុមាលភាព»។
ឯកឧត្តមបានលើកឡើងថា ជាក់ស្តែងពួកគេ(ជនភៀសសឹក)បានទទួលជាបណ្តើរៗនូវជម្រកបណ្តោះអាសន្ន ដែលមានលក្ខណៈសមរម្យ ដើម្បីស្នាក់នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមមធ្យោបាយការទូត ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យពួកគេវិលទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលបានឯកភាពគ្នា។
កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ឯកឧត្តមបានអះអាងជាថ្មីថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់
