
បាត់ដំបង-កំពង់ធំ៖ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធនៃកម្មវិធី DEY III បន្តជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច-មធ្យម (SMEs) បន្ថែមទៀត ដើម្បីគាំទ្រការបង្កើតការងារក្នុងស្រុកដល់យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃ។

ការជំរុញលើកទឹកចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវអនុរដ្ឋលេខាធិការ រួមជាមួយលោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច-មធ្យម តំណាងក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការ UNIDO បានធ្វើទស្សនកិច្ចពិនិត្យមើលសហគ្រាស SMEs ដែលទទួលផលពីកម្មវិធី DEY III។

ទស្សនកិច្ចនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះប្រតិភូតំណាងក្រសួង និងដៃគូអភិវឌ្ឍន៍បានទៅពិនិត្យមើលសហគ្រាសធុនតូច-មធ្យមនៅខេត្តបាត់ដំបង ចំនួន៣សហគ្រាស (សិប្បកម្មប្រេងខេអេច សិប្បកម្មតាកាឌា សិប្បកម្មធូបូ) និងនៅខេត្តកំពង់ធំចំនួន២សហគ្រាស (សិប្បកម្មកែច្នៃត្រី សោភ័ណសុខម៉េង និងសិប្បកម្មសណ្តែកសៀងលឹមស្រេង)។

តាមរយៈទស្សនកិច្ចនេះដែរ ប្រតិភូតំណាងក្រសួង ដៃគូអភិវឌ្ឍន៍ និងម្ចាស់សហគ្រាសបានពិភាក្សាអំពីសកម្មភាពដែលកម្មវិធី DEY III បានផ្តល់ឱកាសដល់ម្ចាស់សហគ្រាសឱ្យទទួលបានការបណ្តុះបណ្តាល ពង្រឹងសហគ្រិនភាព ដូចជា ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការពង្រឹងស្តង់ដាសុវត្ថិភាពចំណីអាហារនិងផលិតផល ការអនុវត្តប្រកបដោយអនាម័យខ្ពស់។

គួរកត់សម្គាល់ថា សហគ្រាសធុនតូច-មធ្យមទាំងនោះ ក៏បានបង្កើតឱកាសការងារដល់ប្រជាជនមូលដ្ឋាន ជាពិសេសដល់ស្ត្រី យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃផងដែរ។

ជាមួយគ្នានេះ ម្ចាស់សហគ្រាសធុនតូច-មធ្យម ដែលជាអ្នកទទួលផលពីកម្មវិធី DEY III បានសម្តែងការពេញចិត្ត និងអរគុណដល់បណ្តាក្រសួង ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធី DEY III ជួយគាំទ្រដល់សហគ្រាសរបស់ពួកគាត់ឱ្យមានឱកាសរីកលូតលាស់។

ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតឱកាសការងារនេះហើយ ទើបលោកជំទាវ បានជំរុញលើកទឹកចិត្តដល់តំណាងក្រសួង និងដៃគូអភិវឌ្ឍន៍នៃកម្មវិធី DEY III តំណាងមន្ទីរពាក់ព័ន្ធក្នុងតំបន់ សូមបន្តខិតខំជួយគាំទ្រជ្រោមជ្រែងដល់សហគ្រាសធុនតូច-មធ្យមបន្ថែមទៀត ដែលជាគោលដៅមួយនៃកម្មវិធី DEY III ដើម្បីគាំទ្រដល់ការបង្កើតការងារក្នុងស្រុក និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរនៅកម្ពុជា៕
