អតីតអ្នកទោសញៀនចេញមកវិញ បែរជាលួចម៉ូតូអ្នកភូមិវិញ ត្រូវប៉ូលិសចាប់បានភ្លាម

អតីតអ្នកទោសញៀនចេញមកវិញ បែរជាលួចម៉ូតូអ្នកភូមិវិញ ត្រូវប៉ូលិសចាប់បានភ្លាម

ខេត្តកណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពីបទប្រើប្រាស់ និងជួញដូរសារធាតុញៀនដោយខុសច្បាប់ តែពេលបានចេញមកវិញ បែរជាលួចម៉ូតូអ្នកភូមិបន្តទៀត។

រូបភាពព្រឹត្តិការណ៍

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១៦:៥០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហ៊ត គាវ អាយុ ៧០ ឆ្នាំ មុខរបរលក់ដូរ បាត់បង់ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1A-7213។

វត្ថុតាងម៉ូតូ

ចំណែកជនសង្ស័យមានឈ្មោះ ខុន សុខា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ២ឆ្នាំ ៦ខែ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យមានទីលំនៅក្នុងភូមិឃុំកើតហេតុជាមួយជនរងគ្រោះដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយផ្ទះរបស់ជនរងគ្រោះទុកចោលមិនមានអ្នកស្នាក់នៅ ម្ចាស់ផ្ទះមកលេងម្តងម្កាលហើយទុកម៉ូតូនិងរបស់របរផ្សេងៗនៅក្នុងផ្ទះនោះ រួចចាក់សោរទ្វារបងពីក្រៅ។ គាប់ជួននៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចចូលតាមទ្វារបងខាងក្រោយផ្ទះ ហើយឡើងតាមចន្លោះដំបូលបង្គន់ ចូលដល់ក្នុងផ្ទះ រួចបានលួចយកម៉ូតូចេញតាមទ្វារក្រោយផ្ទះបាត់ទៅ។

លុះនៅវេលាម៉ោង ១១:២០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ប្អូនប្រុសរបស់ជនរងគ្រោះបានមកស្ងោសៀងក៏បានដឹងថាបាត់ម៉ូតូ រួចក៏ទូរស័ព្ទទៅប្រាប់ជនរងគ្រោះឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលខ្ពបបានចុះទៅស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានទៅឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

វត្ថុតាងចាប់យកបានគឺម៉ូតូចំនួន០១គ្រឿងម៉ាកគុបជ្រុង ជារបស់ជនរងគ្រោះដែលត្រូវបានរកឃើញមកវិញ។

administrator

Related Articles