ខេត្តកំពត៖ ក្រុមមន្ត្រីជំនាញពីមន្ទីរពាណិជ្ជកម្មខេត្តកំពត បានរកឃើញស្ថានីយប្រេងឥន្ធនៈចំនួន ២០កន្លែង កំពុងលក់ប្រេងលើសពីតម្លៃដែលក្រសួងកំណត់ ដោយមួយចំនួនលក់លើសរហូតដល់ ៤-៥ពាន់រៀលក្នុង១លីត្រ។

លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានឱ្យដឹងថា ការត្រួតពិនិត្យនេះបានធ្វើឡើងក្រោយពីទទួលការណែនាំពីក្រសួង ដោយក្រុមការងារបានចុះពិនិត្យស្ថានីយប្រេងចំនួន ៨០កន្លែងទូទាំងខេត្ត។ ក្នុងនោះ មាន ២០ស្ថានីយបានលក់ប្រេងលើសតម្លៃកំណត់។

“ក្រុមការងារបានណែនាំម្ចាស់ស្ថានីយទាំងនោះឱ្យលក់តាមតម្លៃដែលក្រសួងកំណត់ ហើយតម្លៃនេះត្រូវបានប្រកាសរៀងរាល់ ១០ថ្ងៃម្តង។ កន្លែងខ្លះលក់លើស ៤,០០០រៀល ខ្លះទៀតលើសរហូតដល់ ៥,០០០រៀលក្នុង១លីត្រ។” លោកបានបញ្ជាក់។

រីឯស្ថានីយប្រេងចំនួន ២០កន្លែងទៀត បានផ្អាកការលក់ដោយសារមិនមានប្រេងលក់ ដោយកំពុងរង់ចាំក្រុមហ៊ុនបញ្ជូនប្រេងមកដល់។ ប៉ុន្តែស្ថានីយធំៗដូចជាតេលាខ្មែរ នៅតែបន្តដំណើរការធម្មតា និងលក់តាមតម្លៃកំណត់។

លោក សុខ សុភ័ក្ត្រ នាយកគ្រប់គ្រងស្ថានីយប្រេងតេលាខ្មែរប្រចាំខេត្តកំពត បានអះអាងថា៖ “តេលាខ្មែរមិនលក់ប្រេងជូនអតិថិជនដែលទិញបរិមាណច្រើនយកទៅស្តុកទុកនោះទេ ដើម្បីធានាថា ប្រេងនឹងមានសម្រាប់ប្រើប្រាស់គ្រប់គ្នា។”

ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងទាំងអស់ឱ្យអនុវត្តតាមលក្ខណៈស្តង់ដារបច្ចេកទេស និងលក់តាមតម្លៃដែលបានកំណត់។ ក្រសួងក៏បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងជៀសវាងការទិញស្តុកទុកលើសពីតម្រូវការចាំបាច់។

ការត្រួតពិនិត្យនេះធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់ និងការគ្រប់គ្រងហានិភ័យក្នុងការទិញ-លក់ប្រេងឥន្ធនៈ ដោយជៀសវាងហានិភ័យឆាបឆេះដែលអាចកើតឡើងពីការស្តុកទុកប្រេងច្រើនពេក។
