នៅថ្ងៃច័ន្ទទី៩ មីនា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ «Freedom Shield» ដោយមានកងទ័ពកូរ៉េជាង ១៨,០០០ នាក់ចូលរួម។ សមយុទ្ធនេះនឹងបន្តរហូតដល់ថ្ងៃទី១៩ មីនា។
![]()
ការចាប់ផ្ដើមសមយុទ្ធនេះកើតឡើងក្នុងពេលដែលអាមេរិកបានផ្លាស់ប្តូរទីតាំងប្រព័ន្ធការពារមីស៊ីល Patriot មួយចំនួនចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅគាំទ្រប្រតិបត្តិការសឹកប្រឆាំងនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណា មន្ត្រីកូរ៉េខាងត្បូងបានអះអាងថា ការផ្លាស់ប្តូរនេះនឹងមិនប៉ះពាល់ដល់សមត្ថភាពការពាររួមគ្នាឡើយ។
អ្វីដែលគួរកត់សម្គាល់ក្នុងឆ្នាំនេះគឺ ចំនួនសមយុទ្ធនៅទីវាលជាក់ស្ដែងត្រូវបានកាត់បន្ថយពី ៥១ កម្មវិធីកាលពីឆ្នាំមុន មកត្រឹម ២២ កម្មវិធីប៉ុណ្ណោះ។ ការកាត់បន្ថយនេះត្រូវបានគេមើលឃើញថាជាការបន្ទន់ឥរិយាបថ ដើម្បីបើកផ្លូវដល់ការចរចា បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានបង្ហាញសញ្ញាថាអាចយល់ព្រមចរចា។
![]()
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបង្ហាញបំណងយ៉ាងខ្លាំងក្នុងការស្ដារកិច្ចសន្ទនាឡើងវិញ។ មន្ត្រីកូរ៉េខាងត្បូងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទៅកាន់ចិននៅចុងខែមីនា អាចនឹងក្លាយជាឱកាសមាសក្នុងការបំបែកភាពទាល់ច្រកផ្នែកការទូត និងនាំមកនូវស្ថិរភាពដល់ឧបទ្វីបកូរ៉េឡើងវិញ។
