ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ដើម្បីពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ដើម្បីពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាតបតាមការអញ្ជើញរបស់លោកបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

កិច្ចប្រជុំការទូត

ប្រភពបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី និងជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរនឹងផ្តោតលើការជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅតាមរយៈការស្វែងរកវិស័យថ្មីៗ ដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។

ទំនាក់ទំនងកម្ពុជា-សិង្ហបុរី

សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះបញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មី ដោយប្រែក្លាយប្រទេសទាំងពីរទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles