ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៏ធំមួយក្រុម បានបង្ហាញចំណាប់អារម្មណ៍វិនិយោគរាប់លានដុល្លារ ក្នុងឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៩ មីនា ២០២៦។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលដឹកនាំដោយលោក វ៉ាង ថុង ប្រធានសមាគម។

លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងលើកឡើងពីស្ថានភាពវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និង២០២៥។

“យើងស្នើសុំឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់” លោកអគ្គលេខាធិការបានថ្លែង។

លោកបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញឧស្សាហកម្មស្វាយចន្ទី ដោយគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេសដល់ការវិនិយោគ។

ចំណែកលោក វ៉ាង ថុង បានជម្រាបជូនថា សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលចិន ហើយមានក្រុមហ៊ុនចម្រុះនានារបស់ចិនក្នុងវិស័យផ្សេងៗជាសមាជិក។

លោកបានជម្រាបជូនអំពីគោលបំណងវិនិយោគលើការកែច្នៃស្វាយចន្ទី និងការបង្កើតភណ្ឌាគារគយមានដែនកំណត់។

អគ្គលេខាធិការបានសម្តែងការគាំទ្រ និងសុទិដ្ឋិនិយមថា គម្រោងវិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានឹងផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។

គម្រោងនេះរំពឹងថានឹងបង្កើតការងារ និងជំរុញការអភិវឌ្ឍន៍កសិកម្មស្វាយចន្ទីនៅកម្ពុជា ដោយបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។

ដោយ៖ តារា
