ខេត្តកំពង់ធំ៖ ករណីចោរលួចរថយន្ត Lexus RX330 តម្លៃរាប់ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចក្រុងស្ទឹងសែនបំបែកបានដោយជោគជ័យក្នុងរយៈពេលដ៏ខ្លីមិនដល់មួយម៉ោង។

យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចស្រុក ក្រុងស្ទឹងសែនបានឱ្យដឹងថា ករណីចោរលួចរថយន្ត១គ្រឿងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបំបែកបានដោយជោគជ័យភ្លាមៗ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា សកម្មភាពបង្រ្កាបកើតឡើងក្រោយពីទទួលបានព័ត៌មានអំពីករណីចោរលួចរថយន្តមួយគ្រឿង។ លោកអធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវភ្លាមៗ រហូតរកឃើញរថយន្តដែលចោរយកទៅផ្លុងចោលនៅក្នុងដីចំការមួយកន្លែង។

រយៈពេលប្រតិបត្តិការ សមត្ថកិច្ចប្រើពេលត្រឹមតែមិនដល់១ម៉ោងផង ក៏អាចរកឃើញរថយន្តនិងត្រៀមប្រគល់ជូនម្ចាស់ដើមវិញ។ ភស្តុតាង រថយន្តដែលរកឃើញវិញនោះ គឺជាប្រភេទរថយន្ត Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1095។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។ មហាជនបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះចំណាត់ការយ៉ាងរហ័សរបស់លោកអធិការក្រុងស្ទឹងសែន និងក្រុមការងារ ដែលបានការពារសន្តិសុខ និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕
