ខេត្តស្វាយរៀង – អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើការផ្ទេរទណ្ឌិតចំនួន ១៦២ នាក់ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ (ម៣) ក្នុងគោលបំណងរំដោះភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

ជាក់ស្តែងបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះថា ទណ្ឌិតចំនួន១៦២នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន។

ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រួមគ្នាជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តស្វាយរៀង ព្រៃវែង ខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៦២នាក់ ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ។

ការផ្ទេរនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកែលម្អប្រព័ន្ធពន្ធនាគារ និងធានាសុខភាពរបស់ទណ្ឌិត ដោយផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញផ្សេងៗ ដើម្បីធ្វើជាពលរដ្ឋល្អនៅពេលត្រឡប់ទៅសង្គមវិញ។

