ក្រសួងការបរទេសរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលរីកសាយយ៉ាងឆាប់រហ័សនៅលើគេហទំព័រព័ត៌មានចិនមួយចំនួនថា និស្សិតចិនដែលកំពុងសិក្សានៅប្រទេសរុស្ស៊ីត្រូវបានបង្ខំឲ្យចុះកិច្ចសន្យាចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram ផ្លូវការកាលពីថ្ងៃទី៨មីនា ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ព័ត៌មានដែលថានិស្សិតបរទេស ជាពិសេសនិស្សិតមកពីប្រទេសចិន ត្រូវបង្ខំឲ្យចូលរួមក្នុងការបម្រើយោធានៅពេលសិក្សានៅរុស្ស៊ី គឺជារឿងបង្ខូចឈ្មោះទីក្រុងទីមូស្កូ។
យោងតាមភ្នាក់ងារ TASS គេហទំព័រមួយចំនួនដូចជា news.creaders.net, backchina.com និងវិបផតថលអ៊ីនធឺណិតចិន 360doc.com បានបង្ហោះអត្ថបទដែលមានចំណងជើងគួរឲ្យភ្ញាក់ផ្អើលដូចជា «ចុះហត្ថលេខាលើកិច្ចសន្យាស្លាប់ ឬមិនចុះហត្ថលេខានឹងត្រូវត្រឡប់ទៅផ្ទះវិញ បុរសចិនចំនួន ៦៦០០០ នាក់នៅរុស្ស៊ីកំពុងស្ថិតនៅលើជោគវាសនានៃសេចក្ដីមរណរបស់ពួកគេ»។

ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ការសិក្សានៅសាកលវិទ្យាល័យនានារុស្ស៊ីមិនបង្កើតអង្គភាពយោធាណាមួយសម្រាប់និស្សិតបរទេសនោះទេ។ យោងតាមច្បាប់រុស្ស៊ី ពលរដ្ឋបរទេសមិនត្រូវបានតម្រូវឲ្យចូលរួមក្នុងការបម្រើយោធាដោយសារតែពួកគេកំពុងសិក្សា ឬរស់នៅក្នុងប្រទេសនោះទេ។
ក្រសួងការបរទេសរុស្ស៊ីក៏ជឿជាក់ផងដែរថា ការចោទប្រកាន់ខាងលើគឺជាផ្នែកមួយនៃយុទ្ធនាការព័ត៌មានចម្រុះ ដែលមានគោលបំណងធ្វើឲ្យខូចមុខមាត់រុស្ស៊ីនៅលើឆាកអន្តរជាតិ។

មិនថានិស្សិតបរទេសសិក្សានៅរុស្ស៊ីតាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាល ឬកម្មវិធីបង់ប្រាក់ដោយខ្លួនឯងទេ ពួកគេមិនមានកាតព្វកិច្ចទាំងស្រុងនោះទេ ដើម្បីបម្រើការងារនៅក្នុងជួរកងទ័ពរុស្ស៊ី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
