ខេត្តកំពង់ធំ – រាជរដ្ឋាភិបាលកម្ពុជាបានដាក់អាទិភាពលើការអភិវឌ្ឍមូលធនមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយសំដៅលើការអប់រំដែលមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ និងសីលធម៌គុណធម៌។

លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង មាន២ជាន់ ស្មើ១២បន្ទប់ និងអគារបណ្ណាល័យ១ខ្នង នៅវិទ្យាល័យជា ស៊ីម កំពង់ថ្ម ក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិតបានពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ៤ចំណុចសម្រាប់លើកកម្ពស់គុណភាពអប់រំ៖
- ការពង្រឹងអភិបាលកិច្ច
- ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា
- ការយកចិត្តទុកដាក់លើសុខភាពសិស្ស
- ការជំរុញការចូលរួមរបស់មាតាបិតា និងសហគមន៍

លោកជំទាវបណ្ឌិតបន្តថា វិទ្យាល័យជាស៊ីម កំពង់ថ្ម គឺជាថ្នាលសិក្សាមូលដ្ឋានសំខាន់មួយ ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា។ ការផ្ដល់ជូននូវអគារសិក្សា និងបណ្ណាល័យថ្មីៗ ជាមួយនឹងបរិក្ខារសិក្សាទំនើប នឹងកាន់តែទាក់ទាញសិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្របានកាន់តែខ្លាំង។

លោកជំទាវបណ្ឌិតក៏បានអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមជួយថែរក្សាអគារសិក្សា និងបណ្ណាល័យនេះឱ្យបានគង់វង្ស ដើម្បីប្រើប្រាស់សមិទ្ធផលទាំងនេះឱ្យបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។

ការអភិវឌ្ឍមូលធនមនុស្សតាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់សិស្សានុសិស្ស ដែលជាកម្លាំងបន្ដវេន និងធនធានមនុស្សប្រកបដោយសក្ដានុពល នឹងនាំឱ្យប្រទេសជាតិកាន់តែរីកចម្រើន និងមានការអភិវឌ្ឍជាលំដាប់។
