ចិនចូលខ្លួនជាអ្នកសម្របសម្រួល ពន្លត់ភ្លើងសង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់

ចិនចូលខ្លួនជាអ្នកសម្របសម្រួល ពន្លត់ភ្លើងសង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់

ប្រទេសចិនបានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលដើម្បីពន្លត់ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ស្របពេលវិបត្តិពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។

កិច្ចប្រជុំសន្តិភាព

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ លោក Zhai Jun ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា បានធ្វើដំណើរទៅកាន់រាជធានីរីយ៉ាដ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud និងអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសឈូងសមុទ្រ (GCC) លោក Jasem al-Budaiwi។

ក្នុងដំណើរនោះ លោក Zhai បង្ហាញជំហរយ៉ាងមុតមាំថា ទីក្រុងប៉េកាំងមានឆន្ទៈសហការជាមួយទីក្រុងរីយ៉ាដ ដោយខិតខំធ្វើការឥតឈប់ឈរ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ឈូងសមុទ្រ។

ស្របពេលជាមួយគ្នានោះដែរ ដោយអំពាវនាវសាជាថ្មីសុំឲ្យភាគីជម្លោះបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាប់ លោក Zhai បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងក្នុងតំបន់នាពេលបច្ចុប្បន្ន។

លោកនិយាយថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីនៃបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ មិនគួរត្រូវបានរំលោភបំពានឡើយ ហើយរាល់ការវាយប្រហារលើជនស៊ីវិលស្លូតត្រង់ និងគោលដៅមិនមែនយោធា គួរតែត្រូវបានថ្កោលទោស។

ដោយឡែកកាលពីសប្តាហ៍មុន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់ទៅសមភាគីអារ៉ាប់រួមរួចហើយថា «ខ្សែបន្ទាត់ក្រហម» នៃការការពារជនស៊ីវិលក្នុងជម្លោះនេះ មិនត្រូវរំលោភបំពានឡើយ ហើយគោលដៅមិនមែនយោធា រួមទាំងគោលដៅដែលពាក់ព័ន្ធនឹងថាមពលផងនោះ មិនគួរត្រូវបានវាយប្រហារនោះទេ។

លើសពីនេះ លោកក៏អំពាវនាវឲ្យមានការការពារសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនតាមសមុទ្រផងដែរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles