ភ្នំពេញ៖ ជនសង្ស័យដែលបានដកកាំភ្លើងសំញែងគំរាមប្រជាពលរដ្ឋក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍តូចមួយ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យឈ្មោះ មុំ សាវ័ន្ត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលមិនបានបញ្ជាក់មុខរបរ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធដោយខុសច្បាប់។
សូមរំលឹកថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៤៥នាទី កម្លាំងនគរបាលយុត្តិធម៌កំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីកាន់កាប់អាវុធដោយខុសច្បាប់ ដែលបានដកកាំភ្លើងមកគំរាមបាញ់ប្រជាពលរដ្ឋក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍។
ភ្លាមនោះ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនៅផ្លូវលូប្រាំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ រួមទាំងវត្ថុតាង ដើម្បីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។
បន្ទាប់ពីការសាកសួរ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ។
ដោយ៖ រ៉ារ៉ា
