តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់ជិត ៣០% នៅពេលបើកការជួញដូរនៅទីផ្សារអាស៊ី កាលពីព្រឹកថ្ងៃចន្ទ (៩ មីនា) ដោយឡើងដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះបណ្ដាលមកពីផលប៉ះពាល់លើការផ្គត់ផ្គង់ដោយសារភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២៥,៩១ ដុល្លារ ឬ ២៧,៩៥% ដល់ ១១៨,៦ ដុល្លារ/បារ៉ែល នៅម៉ោង ១០:៣០ ព្រឹកនៅទីក្រុងហុងកុង។ ចំណែកតម្លៃប្រេងអាមេរិកម៉ាក WTI វិញ កើនឡើង ២៧,២៦ ដុល្លារ ឬ ២៩,៩៩% ដល់ប្រមាណ ១១៨,៧ ដុល្លារ/បារ៉ែល។
អ្នកវិភាគទីផ្សារបានគូសបញ្ជាក់ថា ការហក់ឡើងនេះកើតឡើងបន្ទាប់ពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់បានធ្វើឱ្យប្រទេសផលិតប្រេងធំៗនៅមជ្ឈិមបូព៌ាកាត់បន្ថយការផ្គត់ផ្គង់ ខណៈមានកង្វល់ពីការបិទច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកល។
អ៊ីរ៉ាក់ និងគុយវ៉ែតបានចាប់ផ្តើមកាត់បន្ថយផលិតកម្មប្រេង ក្រោយកាតាបានផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដោយសារផលប៉ះពាល់លើការដឹកជញ្ជូនពីមជ្ឈិមបូព៌ា។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សង្រ្គាមនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មនានាទូទាំងពិភពលោកប្រឈមមុខនឹងការហក់ឡើងនៃតម្លៃប្រេងជាច្រើនសប្តាហ៍ ឬច្រើនខែ ទោះបីជាជម្លោះបញ្ចប់យ៉ាងឆាប់រហ័សក៏ដោយ។
យុទ្ធនាការសងសឹករបស់អ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទូទាំងតំបន់មជ្ឈិមបូព៌ានៅតែបន្ត។ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានបង្ហោះនៅលើបណ្ដាញសង្គម X ថា ខ្លួនបានស្ទាក់ចាប់ដ្រូន ១ គ្រឿងដែលធ្វើដំណើរឆ្ពោះទៅកាន់វាលប្រេង Shaybah។
មកទល់ថ្ងៃចន្ទនេះ ភាពតានតឹងមិនទាន់បានស្រាកស្រាន្តគួរកត់សម្គាល់នោះទេ ដោយគ្មានការរំពឹងទុកពីដំណោះស្រាយសន្តិភាព ឬលទ្ធភាពនៃការចរចាណាមួយ។
អ្នកជំនាញខ្លះបានលើកឡើងថា តម្លៃប្រេងអាចនឹងបន្តហក់ឡើងខ្ពស់ប្រសិនបើស្ថានការណ៍មិនស្រាកស្រាន្ត ដោយអាចដល់ ១២០ ឬ ១៣០ ដុល្លារ/បារ៉ែល ឬក៏ ១៥០ ដុល្លារ/បារ៉ែលផងក៏ថាបាន។
