ពលរដ្ឋជាច្រើននៅប្រទេសហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ បានភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញដុំភ្លើងភ្លឺពន្លឺធ្លាក់ពីលើមេឃក្នុងពេលព្រលប់ថ្ងៃអាទិត្យ។ ការកើតឡើងនេះបានធ្វើឱ្យប៉ូលិសហូឡង់ទទួលការហៅទូរស័ព្ទរាប់រយការហៅ ដោយពលរដ្ឋជាច្រើនរាយការណ៍ថាឃើញមានភ្លើងអ្វីម្យ៉ាងដែលពួកគេសង្ស័យថាជាមីស៊ីល រហូតដល់យន្តហោះបុកគ្នា។

យោងតាមអ្នកជំនាញអវកាស ការកើតឡើងនេះគឺគ្រាន់តែជាអាចម៍ផ្កាយធម្មតាប៉ុណ្ណោះ។ លោក Joost Hartman អ្នកជំនាញអវកាសរបស់ប្រទេសហូឡង់បានបញ្ជាក់ថា៖ «ដុំភ្លើងនេះទំនងជាអាចម៍ផ្កាយ បំណែកថ្ម ឬលោហៈពីលំហអាកាសដែលចូលទៅក្នុងបរិយាកាសផែនដី»។
អ្នកនាំពាក្យប៉ូលិសបានប្រាប់សារព័ត៌មាន NOS ថា បន្ទប់ត្រួតពិនិត្យប៉ូលិសទូទាំងប្រទេសហូឡង់បានទទួលរបាយការណ៍ជាច្រើនអំពីដុំភ្លើងដែលកំពុងហោះ។ ការសង្កេតមានភាពខុសប្លែកគ្នាទៅតាមទីតាំងនីមួយៗ។

យោងតាមសារព័ត៌មានហូឡង់ NL Times កាលពីថ្ងៃទី៩ខែមីនា មនុស្សមួយចំនួនគិតថាវាជារ៉ុក្កែត ប្រហែលដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ អ្នកផ្សេងទៀតរាយការណ៍ថាជាផ្កាយដុះកន្ទុយ។ ចំណែកនៅតំបន់ Lelystad ប៉ូលិសទទួលរបាយការណ៍ជាច្រើនអំពីការធ្លាក់យន្តហោះ។
លោក Hartman បានពន្យល់បន្ថែមថា៖ «វាមានផ្កាយដុះកន្ទុយជាធម្មតារាប់សិបជារៀងរាល់យប់។ អ្នកឃើញពួកវានៅយប់ដែលមានអាកាសធាតុល្អ។ ផ្កាយដុះកន្ទុយភ្លឺឡើង ហើយរសាត់បាត់ទៅវិញ បន្ទាប់ពីពីរបីវិនាទី។ ប្រសិនបើវត្ថុដែលមានទំហំប៉ុនឥដ្ឋ បាល់ទាត់ ឬបាល់ហោះចូលទៅក្នុងបរិយាកាសក្នុងល្បឿនលឿន បំណែកនោះអាចបែកខ្ទេចខ្ទីបាន»។

យ៉ាងណាក៏ដោយ ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា កម្ទេចកម្ទីអាចម៍ផ្កាយបានធ្លាក់នៅរដ្ឋ Rhineland-Palatinate ភាគខាងលិច បង្កឱ្យខូចខាតដល់ដំបូលផ្ទះក្នុងតំបន់ Hunsrück ភ្នំ Eifel និង Koblenz។ ការខូចខាតនេះបង្ហាញពីថាមពលដ៏ខ្លាំងក្លារបស់អាចម៍ផ្កាយនៅពេលវាចូលទៅក្នុងបរិយាកាសផែនដី។
ចំណែកនៅប្រទេសហូឡង់ និងបែលហ្ស៊ិកមិនមានការខូចខាតណាមួយកើតឡើងទេ ដោយអាចម៍ផ្កាយបានឆេះអស់នៅក្នុងបរិយាកាសមុនពេលធ្លាក់ដល់ដី។
រហូតមកដល់ពេលនេះ ការស៊ើបអង្កេតនៅតែបន្ត ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថានេះគ្រាន់តែជាបាតុភូតធម្មជាតិដែលកើតឡើងជាញឹកញាប់នៅក្នុងលំហអាកាស។
