ហាណូយ – ក្រសួងហិរញ្ញវត្ថុវៀតណាមបានប្រកាសពីផែនការរៀបចំក្រឹត្យពិសេសមួយ ដើម្បីទម្លាក់ពន្ធនាំចូលលើផលិតផលប្រេងឥន្ធនៈចំនួនមួយចំនួនចុះមកកម្រិតសូន្យ ក្នុងគោលបំណងធានាសន្តិសុខថាមពលជាតិ។

ជំហាននេះមកក្នុងពេលដែលសង្រ្គាមរវាងអាមេរិក អ៉ីស្រាអែល និងអ៉ីរ៉ង់ បានជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការផ្គត់ផ្គង់ប្រេងពិភពលោក រុញច្រានឱ្យតម្លៃប្រេងកើនឡើងដល់កម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២២មក។
អ្នកនាំពាក្យក្រសួងបានពន្យល់ថា៖ “យើងកំពុងរៀបចំវិធានការបន្ទាន់ ដើម្បីផ្តល់ស្ថិរភាពដល់ទីផ្សារក្នុងស្រុក និងការពារសន្តិសុខថាមពលជាតិពីផលប៉ះពាល់នៃវិបត្តិសកល។”

ក្រសួងបានព្រមានបន្ថែមថា ប្រសិនបើជម្លោះនៅតែបន្ត ហើយការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហរមុហ្ស់នៅតែរាំងស្ទះ ទីផ្សារប្រេងពិភពលោកអាចជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរ និងនាំឱ្យតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ទៀត។

អ្នកវិភាគសេដ្ឋកិច្ចបានវាយតម្លៃថា វិធានការនេះនឹងជួយបន្ធូរបន្ថយការកើនឡើងតម្លៃប្រេងក្នុងស្រុក និងធានាការផ្គត់ផ្គង់ថាមពលសម្រាប់ឧស្សាហកម្ម និងប្រជាពលរដ្ឋវៀតណាម។
ដោយ៖ សិលា
