តារាចម្រៀងដ៏ល្បីល្បាញ ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅលើឆាកតន្ត្រីធំមួយ នៅពីមុខទស្សនិកជនរាប់ពាន់នាក់ ដោយនាងបាននិយាយទាំងទឹកភ្នែកអំពីការបាក់ទឹកចិត្តដោយសារការចោទប្រកាន់ពីបុគ្គលមួយចំនួនថា យកទម្រង់សិល្បៈបុរាណមកធ្វើអាជីវកម្ម។

នាងបានលើកឡើងថា ការចោទប្រកាន់នេះធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង ព្រោះកន្លងមកនាងតែងចំណាយថវិកាផ្ទាល់ខ្លួនក្នុងការនាំយកសិល្បៈបុរាណមកបង្ហាញអមជាមួយការសម្តែង ដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ។

“ខ្ញុំពិតជាមានរឿងច្រើន គឺព្យាយាមធ្វើអ្វីដូចតារាទូទៅ ប៉ុន្តែក្នុងវិស័យមួយនេះ តែងតែរងនូវពាក្យរិះគន់” នាងបាននិយាយដោយអារម្មណ៍ខ្លាំង។
ទេព បូព្រឹក្ស បានបន្ថែមថា នាងចាប់ផ្តើមទទួលការរិះគន់ខ្លាំងនៅពេលដែលនាងធ្វើច្រៀងជាលក្ខណៈសហសម័យដែលមានលាយបញ្ចូលគ្នារវាងសម័យនិងបុរាណ។

“អ្វីដែលខ្ញុំធ្វើនេះចំណេញអ្នកណា គឺចំណេញយើងទាំងអស់គ្នា។ ប្រទេសណាក៏គេមានវប្បធម៌ដែរ ប៉ុន្តែដោយឡែកវប្បធម៌របស់យើងវាស្អាតពេក វាខ្ពង់ខ្ពស់ពេក” នាងបានអះអាង។

នាងបានបញ្ជាក់ថា អ្វីដែលនាងធ្វើគឺមានតែចង់ជួយក្នុងនាមជាតារាចម្រៀងស្រុកខ្មែរមួយរូប និងចង់ថែរក្សាសិល្បៈបុរាណខ្មែរ។

“ខ្ញុំគោរពណាស់ ខ្ញុំដឹងថា តែខ្ញុំគ្រាន់តែចង់ជួយចែករំលែកបញ្ចូលទៅក្នុងបទសម័យរបស់យើង ដើម្បីឱ្យវាបង្កើតជារូបភាពមួយថ្មី។ អ្វីដែលនាងធ្វើ នាងសូមបើកចិត្តឱ្យបងប្អូនទទួលស្គាល់” នាងបានស្នើសុំ។

នាងបានបញ្ចប់ការនិយាយដោយលើកឡើងថា បើកន្លែងណាមិនត្រូវការនាង នោះនាងអាចយកចេញពីកន្លែងមួយនោះ ប៉ុន្តែនាងនៅតែសង្ឃឹមថា ថ្ងៃណាមួយពួកគាត់នឹងបើចិត្តទទួលយកនូវអ្វីដែលនាងធ្វើ។



អត្ថបទសរសេរដោយ សុខ វាសនា | កែសម្រួលដោយ ស្រីណា
