
ភ្នំពេញ – រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth បានធ្វើការធានាយ៉ាងច្បាស់លាស់ថា អ៊ីរ៉ង់នឹងត្រូវចុះចាញ់ និងព្រមតាមលក្ខខណ្ឌទាំងអស់របស់លោកប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលសង្គ្រាមដែលកំពុងឆាបឆេះ។
ក្នុងកម្មវិធីសម្ភាសន៍ 60 Minutes របស់ CBS News នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ លោក Hegseth បានបញ្ជាក់យ៉ាងខ្លាំងក្លា៖ «យើងកំពុងប្រយុទ្ធដើម្បីជ័យជម្នះ។ យើងគឺជាអ្នកកំណត់លក្ខខណ្ឌ។ នឹងមានពេលមួយដែលពួកគេគ្មានជម្រើសអ្វីក្រៅពីការចុះចាញ់ទេ។ ពួកគេនឹងក្លាយជាអ្នកដែលគ្មានសមត្ថភាពប្រយុទ្ធទៀតឡើយ។»

ការអះអាងនេះកើតឡើងក្នុងពេលដ៏សំខាន់ នៅពេលដែលអ៊ីរ៉ង់ទើបតែជ្រើសតាំងកូនប្រុសរបស់លោក Ayatollah Ali Khamenei ឈ្មោះ Mojtaba អាយុ៥៦ឆ្នាំ ជាមេដឹកនាំកំពូលថ្មី។ ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់មានសមាជិក៨៨រូប បានបោះឆ្នោតគាំទ្រលើសពី៥៩សំឡេង តាមរយៈប្រព័ន្ធអនឡាញយ៉ាងប្រញាប់ប្រញាល់ ដោយសារស្ថានភាពសង្គ្រាម។
ក្រោយការជ្រើសតាំងមិនបានប៉ុន្មានម៉ោង លោក Trump បានធ្វើការព្រមានខ្លាំងៗថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់នឹងមិនអាចរស់បានយូរឡើយ បើគ្មានការយល់ព្រមពីអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ABC News លោកបានហៅមេដឹកនាំថ្មីនេះថាជាមនុស្ស «ទន់ខ្សោយ និងមិនទាន់គ្រប់លក្ខណៈ»។
លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា៖ «បុគ្គលណាដែលឡើងមកបន្តវេនដោយរំលងការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនអាចរក្សាអំណាចបានយូរអង្វែងឡើយ។»
អត្ថបទ៖ សុខ សុវណ្ណ
