រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកច្រើន ហើយបិទទ្វារមិនលក់ ដើម្បីទុកដំឡើងថ្លៃ។

ការព្រមាននេះត្រូវបានថ្លែងកាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៦ ដោយឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ស្ថានីយប្រេងឥន្ធនៈណា ដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកដ៏ច្រើន ហើយបិទទ្វារមិនលក់ ដើម្បីទុកដំឡើងថ្លៃ នោះក៏ប្រឈមនឹងត្រូវបិទសិទ្ធិលែងឱ្យលក់មួយជីវិតដូចគ្នាផងដែរ»។
ក្នុងសប្តាហ៍ខាងមុខនេះ ក្រសួងនឹងចេញវិធានការបន្តបន្ទាប់ទាក់ទងនឹងបញ្ហាថ្លៃ បញ្ហាផ្គត់ផ្គង់ និងការចែកចាយរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានព្រមានបន្ថែមទៀតចំពោះស្ថានីយប្រេងឥន្ធនៈដែលចែកចាយបន្តគ្នាពីស្ថានីយមួយទៅស្ថានីយទៀត ក្នុងពេលដែលរាជរដ្ឋាភិបាលបានកំណត់ថ្លៃ ហើយប្រេងចាស់តម្លៃដូចម្តេច និងប្រេងនាំចូលថ្មីតម្លៃយ៉ាងណា ត្រូវលក់ទៅតាមទីផ្សារ។
ការចាត់វិធានការដ៏តឹងរឹងនេះគឺដើម្បីការពារប្រជាពលរដ្ឋពីការកេងប្រវ័ញ្ចពីសំណាក់អ្នករកស៊ីលក់ប្រេងសាំង និងធានានូវស្ថិរភាពតម្លៃប្រេងឥន្ធនៈនៅក្នុងទីផ្សារ។
