អន្តរជាតិ៖ តម្លៃមាសអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយសារសម្ពាធពីប្រាក់ដុល្លារអាមេរិកកើនឡើង និងការព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់។ ការធ្លាក់ចុះនេះកើតឡើងទោះបីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានបន្តដល់សប្ដាហ៍ទី២ ហើយប្រេងឆៅអន្តរជាតិបានកើនលើសពី១១០ដុល្លារក្នុង១បារ៉ែលក៏ដោយ។

តម្លៃមាសអន្តរជាតិធ្លាក់ចុះដល់២,៥% មកនៅក្រោម៥,០៥០ដុល្លារក្នុងមួយអោន ឬ៦០៨៤ដុល្លារក្នុង១តម្លឹង ក្នុងការជួញដូរដំបូងនៃថ្ងៃទី៩មីនា។ តម្លៃក្រោយមករក្សាត្រឹម៥០៧៥ដុល្លារ/អោន ឬ៦១១៤ដុល្លារ/តម្លឹង គិតត្រឹមម៉ោង៩:៣០ព្រឹក (ម៉ោងកម្ពុជា)។
ក្រុមហ៊ុនផលិតប្រេងធំៗនៅតំបន់ឈូងសមុទ្រពែក្សបានកាត់បន្ថយផលិតផល ដោយសារសង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលមិនទាន់បង្ហាញសញ្ញាថមថយ។ នេះកើតឡើងចំពេលសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានកើនឡើងដល់ទៅ០,៦%។
ទោះជាការជួញដូរមានភាពប្រែប្រួល និងសន្ទុះតម្លៃកើនឡើងបានជាប់គាំងក៏ពិតមែន ប៉ុន្តែមាសនៅតែកើនឡើងប្រហែល១៧% រហូតទល់ពេលនេះសម្រាប់ឆ្នាំ២០២៦។
ការផ្លាស់ប្ដូរពាណិជ្ជកម្មសកល និងភូមិសាស្ត្រនយោបាយរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ក៏ដូចជាការគំរាមកំហែងដល់ឯករាជ្យភាពរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក បានជំរុញតម្លៃមាសដែលត្រូវបានចាត់ជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត។
ការទិញរបស់បណ្ដាធនាគារកណ្ដាលពិភពលោកកើនឡើងក៏បានគាំទ្រដល់កំណើនតម្លៃផងដែរ ជាពិសេសធនាគារចិនបានទិញមាសបន្ថែមទៀតនៅក្នុងខែកុម្ភៈ ដោយពង្រីកការទិញរបស់ខ្លួនដល់១៦ខែជាប់គ្នា។
អ្នកជំនាញលើកឡើងថា ការបញ្ចប់ជម្លោះឆាប់រហ័សទំនងជានឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ ហើយពេលនោះមាសនឹងឡើងថ្លៃ ខណៈសង្គ្រាមអូសបន្លាយនឹងធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ដោយសារការរំពឹងទុកនៃអតិផរណាខ្ពស់។
