ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងឡើងកម្រិតខ្ពស់ បន្ទាប់ពីអ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei កូនប្រុសទី២របស់មេដឹកនាំកំពូល Ayatollah Ali Khamenei ជាប្រមុខរដ្ឋថ្មី ក្រោយឪពុករបស់គាត់ត្រូវបានអ៊ីស្រាអែលធ្វើឃាត។

តាមការផ្សាយព័ត៌មានរបស់ RT កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់ ដែលមានសមាជិក៨៨រូប បានបោះឆ្នោតយ៉ាងប្រញាប់ប្រញាល់តាមប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសបុរសវ័យ៥៦ឆ្នាំនេះ ដោយទទួលបានការគាំទ្រលើសពី៥៩សំឡេង។

ការតែងតាំងនេះបានធ្វើឡើងក្នុងពេលដែលស្ថានភាពសង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងកាន់តែតានតឹង ដោយមានការវាយប្រហារតាមអាកាសពីសំណាក់អាមេរិក និងអ៊ីស្រាអែល។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសភ្លាមៗថា លោក Mojtaba Khamenei គឺជាមេដឹកនាំដែល «មិនអាចទទួលយកបាន» និងទាមទារឲ្យមានការយល់ព្រមពីសហរដ្ឋអាមេរិក បើមិនដូច្នោះទេ នឹងមិនអាចកាន់តំណែងបានយូរអង្វែង។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បានប្រកាសយ៉ាងច្បាស់ថា៖ «មេដឹកនាំរូបណាក៏ដោយ ឲ្យតែអ៊ីរ៉ង់តែងតាំងដើម្បីបន្តផែនការកម្ទេចអ៊ីស្រាអែល នឹងក្លាយជាគោលដៅកម្ចាត់ចោល។»
លោកត្រាំបានទាមទារឲ្យរំលាយយោធាអ៊ីរ៉ង់ទាំងស្រុង ទើបអាចបញ្ឈប់សង្គ្រាមបាន។
