ខេត្តកំពង់ស្ពឺ – ករណីហិង្សាដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅស្រុកគងពិសី នៅពេលដែលប្តីវ័យចំណាស់ម្នាក់ដោយសារអន់ចិត្តជាមួយប្រពន្ធក្មេង បានទាញដាវកាប់ឪពុកក្មេករបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ដៃខាងឆ្វេងដេរជិត២០ថ្នេរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៥៤នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី។ ជនសង្ស័យដៃដល់គឺ ប្រាក់ សុផាត អាយុ៦៤ឆ្នាំ ដែលជាកូនប្រសាររបស់ជនរងគ្រោះ។
តាមការបញ្ជាក់ពីនគរបាលស្រុកគងពិសី បុរសជាប្តីវ័យចំណាស់នេះបានជិះរ៉ឺម៉កមកដល់ផ្ទះឪពុកក្មេក ហើយស្រែកហៅប្រពន្ធឈ្មោះ លីម ស្រីកា អាយុ២៧ឆ្នាំ ឱ្យយកទូរស័ព្ទមកឱ្យ។ ក្រោយពីប្រពន្ធហុចទូរស័ព្ទឱ្យ គាត់បោកទូរស័ព្ទចោល រួចដើរចូលក្នុងផ្ទះដោយកាន់ដាវ។
ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាជាមួយឪពុកក្មេក ឡុង ប៊ុនលី អាយុ៥៨ឆ្នាំ។ នៅពេលដែលឪពុកក្មេកទាញចបជីកវាយលើជនសង្ស័យ បណ្តាលឱ្យរងរបួសហើមដៃ ជនសង្ស័យក៏បានទាញដាវដេញកាប់ឪពុកក្មេកចំដៃខាងឆ្វេង បណ្តាលឱ្យដាច់សរសៃដេរចំនួន១៦ថ្នេរ។
សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនសង្ស័យបានរត់គេចខ្លួនទៅស្រុកកំណើត។ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។
អត្ថបទសរសេរដោយ អ៊ំ ណូន
កែសម្រួលដោយ ស្រីណា
