ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការគោរពចំពោះសពទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែអះអាងថា ប្រតិបត្តិការយោធាកំពុងដំណើរការទៅយ៉ាងល្អ។

កងទ័ពអាមេរិកប្រកាសនាថ្ងៃទី៨ មីនា ថា ទាហានអាមេរិកទី៧បានត្រូវស្លាប់ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដោយទាហាននោះស្លាប់មកពីរបួសធ្ងន់ពេក ពេលអ៊ីរ៉ង់វាយប្រហារលើអារ៉ាប៊ីសាអូឌីត កាលពីដើមខែមីនា។
តាមបណ្ដាញសង្គម ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាសរសេរថា ទាហានអាមេរិកថ្មីដែលស្លាប់នោះ គឺក្រោយពីរងរបួសធ្ងន់ ក្នុងការវាយប្រហារដំបូងៗរបស់អ៊ីរ៉ង់ក្នុងតំបន់។ ទាហានរូបនេះរងរបួសធ្ងន់កាលពីថ្ងៃទី១ មីនា ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងកងទ័ពអាមេរិកនៅអារ៉ាប៊ីសាអូឌីត។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៧ មីនា បានចូលរួមក្នុងពិធីទទួលសពទាហានអាមេរិក៦នាក់ដែលស្លាប់ ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ ពិធីទទួលនោះ ត្រូវបានធ្វើនៅព្រលានយន្តហោះនៃមូលដ្ឋានអាកាសចរណ៍ DOVER។

ក្នុងពិធីនោះ លោកត្រាំបានសម្ដែងការគោរពចំពោះសពទាហានទាំង៦នាក់នោះ ដែលដាក់ក្នុងមឈូសគ្របទង់ជាតិអាមេរិក ពេលផ្ទេរចេញពីយន្តហោះយោធាមកដាក់ក្នុងរថយន្ត។ ទាហានអាមេរិកទាំង៦នាក់នោះបានស្លាប់បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់។ ពួកគេជាទាហានបម្រុងឈរជើងនៅប្រទេសគុយវែត។
បណ្ដាមូលដ្ឋានយោធាអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាជាគោលដៅនៃការវាយប្រហាររបស់កងទ័ព និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ តាំងពីចាប់ផ្ដើមសង្គ្រាមពីថ្ងៃទី២៨ កុម្ភៈមក។
ទោះបីជាមានការបាត់បង់ទាហានទាំងនេះក្ដី ប្រធានាធិបតីអាមេរិក អះអាងនៅនិវេសនដ្ឋានរបស់លោកក្នុងរដ្ឋផ្លរីដាថា អ្វីៗប្រព្រឹត្តទៅដ៏ល្អ តាំងពីចាប់ផ្ដើមវាយប្រហារអ៊ីរ៉ង់មក។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
