ភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ាបណ្តាលឲ្យតម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់ ដោយវៀតណាមបានចេញវិធានការប្រឈមជាបន្ទាន់។

តាមការផ្សាយពី VN Express កាលពីថ្ងៃចន្ទទី៩ មីនា ២០២៦ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានលើកទឹកចិត្តឲ្យក្រុមហ៊ុន-សហគ្រាសទាំងឡាយអនុញ្ញាតបុគ្គលិកធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងសាំ�។
ក្រសួងបានចេញសេចក្តីណែនាំថា ក្រុមហ៊ុនគួរតែវាយតម្លៃនិងអនុគ្រោះដល់បុគ្គលិកដែលអាចធ្វើការពីផ្ទះបាន ដើម្បីជួយសម្រួលនិងកាត់បន្ថយថ្លៃចំណាយ ដោយសារតម្លៃប្រេងសាំងកំពុងហក់ឡើងខ្ពស់ទៅៗ។
ទន្ទឹមនោះ អាជ្ញាធរក៏អំពាវនាវដល់ប្រជាពលរដ្ឋកុំទាន់ភ័យស្លន់ស្លោឬស្តុកទុកប្រេងសាំង និងប្រេងម៉ាស៊ូត ខណៈដែលក៏ជំរុញឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ដោយផ្តល់អាទិភាពដល់ការធ្វើដំណើររួមគ្នា ឬការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។
អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋរាយការណ៍ជាបន្ទាន់ បើស្ថានីយប្រេងសាំងណារកស៊ីល្មើសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុ ការលក់ក្នុងតម្លៃខុសពីតម្លៃដែលបានបិទផ្សាយ ឬការលាក់ទុកប្រេងឥន្ធនៈ។
វិបត្តិប្រេងសាំងនេះកើតឡើងក្រោយពីតម្លៃប្រេងអន្តរជាតិបានហក់ឡើងកប់ពពកជិត ៣០% ដល់ជិត ១២០ ដុល្លារ/បារ៉ែល ដោយសារផលប៉ះពាល់ផ្នែកផ្គត់ផ្គង់ បណ្តាលមកពីភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៥.៩១ ដុល្លារ/បារ៉ែល ឬ ២៧,៩៥% ដល់ ១១៨.៦ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ម៉ាក WTI បានកើនឡើង ២៧.២៦ ដុល្លារ ឬ ២៩,៩៩% ដល់ប្រមាណ ១១៨,៧ ដុល្លារ/បារ៉ែល។
