ភ្នំពេញ៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ នៅតាមប្រឡាយសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ នៅពេលបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តធ្លាក់ចូលទឹកប្រឡាយ ស្ទើរលិចបាត់។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរាយការណ៍ថា បុរសម្នាក់នេះបានផឹកស្រវឹងជាមួយមិត្តភក្តិមុននឹងបើករថយន្តម៉ាកវីស្តូពណ៌ទុយោទឹកទៅបង់សំណាញ់យកត្រីធ្វើម្ហូបក្លែម។ នៅពេលទៅដល់កន្លែងបង់សំណាញ់ គាត់បានបើករថយន្តថយក្រោយ ហើយរអិលធ្លាក់ចូលទឹកប្រឡាយភ្លាម។
សំណាងល្អដែលបុរសនោះបានវាយបំបែកកញ្ចក់រថយន្ត ហើយលូនចេញដោយសុវត្ថិភាព បន្ទាប់មកហែលទឹកឡើងគោក ហើយចាកចេញទៅផ្ទះដោយទុករថយន្តចោលនៅក្នុងទឹកប្រឡាយ។

រហូតដល់រសៀលថ្ងៃទី៩ ខែមិនា រថយន្តនៅតែលិចនៅក្នុងទឹកប្រឡាយ ដោយម្ចាស់រថយន្តមិនទាន់ស្ទូចយកទៅជួសជុលនៅឡើយ។ អ្នកភូមិដែលបានឃើញរថយន្តលិចទឹកនៅពេលព្រឹក ក៏មានការភ្ញាក់ផ្អើល និងសង្ស័យថាមានអ្នកស្លាប់នៅក្នុងរថយន្ត ទើបរាយការណ៍ទៅនគរបាល។
នគរបាលប៉ុស្តិ៍សាក់សំពៅបានចុះពិនិត្យ ហើយកំណត់ថាគ្មានគ្រោះថ្នាក់ដល់មនុស្ស ទើបអនុញ្ញាតឱ្យម្ចាស់រថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង។

ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា រថយន្តជាម៉ាកវីស្តូផលិតនៅកូរ៉េខាងត្បូង ប៉ុន្តែមិនអាចមើលឃើញលេខសម្គាល់រថយន្តបានទេ ដោយសាររថយន្តលិចទឹកស្ទើរតែទាំងស្រុង។ ម្ចាស់រថយន្តក៏មិនត្រូវបានស្គាល់ឈ្មោះច្បាស់លាស់ដែរ។
