រាជធានីភ្នំពេញ៖ យុវជន និស្សិត និងអ្នកស្វែងរកការងារទាំងអស់ មានឱកាសមាសកាល់ហើយ! ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារដ៏ធំធេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា វេទិកាការងារនេះនឹងមានក្រុមហ៊ុនធំៗចំនួន ១១ និងឱកាសការងារសរុប ២,៨៧៨ កន្លែង ដែលអ្នកចូលរួមអាចដាក់ពាក្យភ្លាម និងសម្ភាសភ្លាមៗជាមួយក្រុមហ៊ុនដោយផ្ទាល់។

“យុវជន និស្សិត និងអ្នកស្វែងរកការងារទាំងអស់ នឹងទទួលបានការប្រឹក្សាយោបល់ផ្ទាល់ពីក្រុមហ៊ុន និងមានឱកាសទទួលបានកម្មសិក្សាការងារផងដែរ” លោក ស៊ុន មេសា បានពន្យល់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អតីពលករ និងយុវជនទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីទទួលបានឱកាសការងារ លក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ច្រើនយ៉ាង។

វេទិកាការងារនេះនឹងធ្វើឡើងក្រោមប្រធានបទ “វេទិកាការងារ និងកម្មសិក្សាការងារ” ដែលជាឱកាសមាសកាល់សម្រាប់អ្នកដែលចង់ចាប់ផ្តើមការងារថ្មី ឬផ្លាស់ប្តូរអាជីព។

ការងារដែលមាននៅក្នុងវេទិកានេះគ្របដណ្តប់គ្រប់វិស័យ និងមានលក្ខខណ្ឌការងារល្អ ដែលអាចឆ្លើយតបតម្រូវការរបស់យុវជនកម្ពុជាទាំងអស់។

សូមចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដើម្បីមិនឱ្យឱកាសមាសកាល់នេះកន្លងផុតពីដៃអ្នក!

