កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៦នាក់ និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៣០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រុមក្មេងទំនើងចំនួន៩នាក់ ប្រើម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង។

កម្លាំងអាវុធហត្ថដែលកំពុងល្បាតនៅទីនោះបានចុះអន្តរាគមន៍ភ្លាម និងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាន់ ចិន្ដាឧត្តម អាយុ១៦ឆ្នាំ។ ក្រោយមកនៅថ្ងៃទី៧ មីនា កម្លាំងអាវុធហត្ថបានចាប់ខ្លួនបន្ថែមទៀត៥នាក់ រួមមាន៖ ផល លីហួ (១៧ឆ្នាំ), ថន រ័ត្នរិទ្ធិយ៉ា (១៧ឆ្នាំ), បូ កែវវាសនា (១៩ឆ្នាំ), នី វិសាល (កំណើត២០០៧) និងចាប ថៃ (១៨ឆ្នាំ)។

ក្មេងទំនើងទាំង៦នាក់បានសារភាពទទួលស្គាល់ពីការប្រព្រឹត្តអំពើហិង្សារបស់ពួកគេ។ ពួកគេត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ខណៈកម្លាំងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវដើម្បីចាប់ខ្លួនបក្ខពួកដែលនៅរត់គេចខ្លួន។


