ស្របពេលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz អ៊ីរ៉ង់បានគំរាមថែមទៀតថា នឹងធ្វើឲ្យតម្លៃប្រេងឡើងដល់កម្រិតកំណត់ត្រា ២០០ដុល្លារក្នុងមួយបារ៉ែល បើបណ្តាប្រទេសជិតខាងមិនព្រមជួយគ្នាបញ្ឈប់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

សារព័ត៌មាន RT របស់រុស្ស៊ីនៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Ebrahim Zolfaghari ដែលព្រមានថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនៃបណ្តាប្រទេសមូស្លីម នឹងស្រុះដៃគ្នាចេញការព្រមានដល់សហរដ្ឋអាមេរិកនិងរបប Zionist ប្រឆាំងសកម្មភាពដ៏កំសាក ដែលធ្វើបាបមនុស្ស ដូច្នេះអណ្តាតភ្លើងនៃសង្គ្រាម មិនឆេះរាលទៀតទេ ប៉ុន្តែបើអ្នកចង់ឲ្យតម្លៃប្រេងហក់ឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល អ៊ីចឹងបន្តធ្វើរឿងបែបហ្នឹងទៀតចុះ»។
ការព្រមាននេះកើតឡើងស្របពេល បញ្ជាការដ្ឋានយោធាកំពូលអ៊ីរ៉ង់ ក៏ចេញឱសានវាទរួចហើយថា នឹងវាយប្រហារលើរោងចក្រប្រេងទូទាំងតំបន់ ដើម្បីសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែល។
តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak នៅថ្ងៃដដែលនេះ អ៊ីរ៉ង់បញ្ជាក់ច្បាស់ៗថា បើការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់នៅតែបន្ត នោះតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែលជាក់ជាមិនខាន។
ការព្រមាននេះទៀតសោត ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៨កុម្ភៈ បានបណ្ដាលឲ្យមានអ្នកស្លាប់ជាង ១២០០នាក់ រួមទាំងមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ផងដែរ និងមានអ្នករងរបួសជាង ១០០០០នាក់។
ជាការឆ្លើយតបយ៉ាងចាស់ដៃ អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងប្រើដ្រូនអត្តឃាតវាយប្រហារលើអ៊ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលផ្តល់ទីតាំងឲ្យមូលដ្ឋានទ័ពអាមេរិក។
អ្វីដែលធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភបំផុតនោះគឺ ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុត ដោយមានប្រេងប្រមាណ ២០លានបារ៉ែលឆ្លងកាត់ជារៀងរាល់ថ្ងៃ។
